(កំពង់ស្ពឺ)៖ បន្ទាប់ពីបានចុះពង្រឹងការងារដោយផ្ទាល់នៅតាមលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) កាលពីខែកក្កដា និងខែសីហា កន្លងទៅនេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបន្តចុះពង្រឹងកោសិកានៃការបោះឆ្នោតថ្នាក់មូលដ្ឋាននៅខេត្តចំនួន៦ទៀត ចាប់ពីថ្ងៃទី០៣-០៧ ខែកញ្ញា ឆ្នាំ២០២០។

បេីតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ខេត្តទាំងនោះរួមមានខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តតាកែវ។ ខេត្តដំបូងនៃយុទ្ធនាការចុះតាមបណ្ដាខេត្តជាលើកទីបី របស់ប្រធាន គ.ជ.ប នៅពេលនេះ គឺផ្ដើមចេញពីខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីសំណេះសំណាលនៅអគារលេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) ខេត្តកំពង់ស្ពឺលោក គង់ ប៊ុនសៀង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ បានឡើងថ្លែងថា នៅក្នុងខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង សរុបចំនួន ៥៦៦,៩៦៩នាក់ និងចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ មានចំនួន ៥២៣,៣៣៣នាក់ និងប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានចំនួន ២០,០២៩នាក់។

ទន្ទឹមនឹងនោះ លោក ស៊ិក ប៊ុនហុក បានលេីកឡេីងពីភាពចាំបាច់ដែលត្រូវធ្វើកំណែទម្រង់ថា ដើម្បីឱ្យការបោះឆ្នោតកាន់តែទទួលយកបានទំនុកចិត្តខ្លាំងពីមហាជន គ.ជ.ប គ្រោងធ្វើតាមប្រព័ន្ធអេឡិចត្រូនិកនូវ៖

* ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ព្រោះបទពិសោធន៍កន្លងមកមានបេក្ខជនខ្លះឈរឈ្មោះស្ទួនទៅឲ្យ ២ ឬ ៣ គណបក្សនយោបាយ។

* ការប្រកាសលទ្ធផលនៃការបោះឆ្នោតដែលរួមមាន៖ការទទួល និងការបញ្ជូនលទ្ធផលបោះឆ្នោត , ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោ ត, ការបែងចែកអាសនៈ និងការស្រង់បេក្ខជនជាប់ឆ្នោត។

លោក ស៉ិក ប៊ុនហុក បានណែនាំដល់មន្ត្រីបោះឆ្នោតនៅ ល.ខ.ប កំពង់ស្ពឺ ឱ្យចូលរួមការងារបោះឆ្នោតឲ្យបានសស្រាក់សស្រាំ ដោយមិនប្រកាន់បក្ខពួក ធ្វើការឱ្យមានយុត្តិធម៌ ទេីបមហាជនគេមិនអាចចាប់កំហុសបាន៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន ស្ដីពីការកែទម្រង់ការបោះឆ្នោត គឺការធ្វើឱ្យកាន់តែល្អប្រសើរដល់ដំណើរការបោះឆ្នោត ដែលចេញផ្សាយដោយ គ.ជ.ប៖