(ភ្នំពេញ)៖ ស្ដ្រីរងគ្រោះដែលត្រូវសង្សាអារ.កសម្លាប់ នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឈ្មោះ វង្ស ម៉ាលីនដា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅតំបន់អ្នកលឿង ខេត្តព្រៃវែង និងមានមុខរបរជាអ្នកលក់ឡេតាមអនឡាញ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនដៃដល់ដែលអារ.ក សម្លាប់សង្សាខ្លួនឯងរួចចាក់សម្លាប់ខ្លួនតាមក្រោយនេះ ឈ្មោះ ឯកឌៀវ វន្ថា អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ចាក់សម្លាប់ខ្លួនតាមក្រោយមិនបានសម្រេចនោះទេ ពោលគ្រាន់តែរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក ដើមចមដែលនាំឲ្យមានអំពើឃាតកម្មនេះ ត្រូវបានគេសន្និដ្ឋានជំហានដំបូងថា អាចបណ្ដាលមកពីភ្លើងប្រច័ណ្ឌ។

យោងតាមការសាកសួររបស់អ្នកសារព័ត៌មាន ទៅលើមិត្តភ័ក្ររបស់នារីរងគ្រោះនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនដៃដល់ និងជនរងគ្រោះតែងតែឈ្លោះប្រកែកគ្នាជារឿយៗ ព្រោះប្រច័ណ្ឌនារីរងគ្រោះដែលមានសម្រស់ស្អាត។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ច័យទៅលើសាកសពរបស់នារីរងគ្រោះផងដែរ៕