(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអំពាវនាវដល់គណៈកម្មាធិការបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យបន្ថែមការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហា និងបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ និងខ្លាំងក្លាជាងមុន ជាពិសេសនៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ នេះ។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំ សមាជិកសមាជិកាបក្ស គ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការបក្សខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានពន្យល់អំពីបរិការណ៍ នៃវិបត្តិជំងឺកូវីដ-១៩ ដែលបានប្រែក្លាយពីវិបត្តិសុខភាពសាធារណៈ ទៅជាវិបត្តិសង្គម និងសេដ្ឋកិច្ចនៅទូទាំងសកលលោកជារួម។

លោកថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចប្រទេសដទៃទៀត ក្នុងពិភពលោកដែរអាចនឹងមានការប្រឈមមួយចំនួន ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នេះ ដែលក្នុងន័យនេះ ថវិកាចំណាយបស់ថ្នាក់ជាតិ និងជាពិសេសរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងត្រូវបានកាត់បន្ថយ ដោយត្រូវបង្វែរសម្រាប់ចំណាយលើទៅលើ ការបង្ការ ទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ ក៏ដូចជាសម្រាប់វិធានការនានាសំដៅដល់ការជំរុញសេដ្ឋកិច្ចរបស់ជាតិ។

លោក ហ៊ុន ម៉ានី បានបន្ថែមថា ការអនុវត្តនេះ នឹងអាចប៉ះពាល់មួយផ្នែកដល់គម្រោងអភិវឌ្ឍនានាក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ប៉ុន្តែនេះក៏មិនមែនមានន័យថា គម្រោងអភិវឌ្ឍទាំងអស់ ត្រូវបានផ្អាកជាស្ថាពរនោះឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោកបានជំរុញឲ្យមន្រ្តីបក្សមូលដ្ឋាន បន្តធ្វើការផ្សព្វផ្សាយដល់មហាជននូវវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ក្នុងការគ្រប់គ្រង បង្ការ ទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក៏ដូចជាវិធានការស្តារ និងជំរុញសេដ្ឋកិច្ចចំនួន ៥ជុំ និងកម្មវិធីជំនួយសង្គម ដែលដាក់ចេញនាពេលកន្លងមក ដែលលទ្ធផលដែលកើតចេញពីវិធានការទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពចាស់ទុំ សមត្ថភាពដឹកនាំ និងទំនួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាល ក្នុងនាមជាគណបក្សកាន់អំណាច។

ជាមួយនឹងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនេះ លោក ហ៊ុន ម៉ានី ក៏បានជំរុញឲ្យមន្រ្តីពាក់ព័ន្ធ នៃគណៈកម្មាធិការបក្សនៅថ្នាក់មូលដ្ឋាន បន្តពង្រឹងការបម្រើសេវាសាធារណៈ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ច្បាស់ណាស់ថា ថ្នាក់ជាតិនឹងមានវិធានការ ឬការតម្រង់ទិសមួយចំនួនជាបន្តបន្ទាប់ សម្រាប់ដោះស្រាយវិបត្តិកូវីដ-១៩ និងបញ្ហាផ្សេងៗ ទៀតរបស់ប្រជាពលរដ្ឋ ប៉ុន្តែការខិតខំប្រឹងរបស់មន្រ្តីបក្សនៅមូលដ្ឋានរបស់យើង ដែលនៅកៀកកិតជាប់ជាមួយមហាជន គឺនៅតែជាកត្តាកំណត់នៃភាពជោគជ័យ។ ក្នុងន័យនេះ ការបង្កើនប្រសិទ្ធិភាពនៃការបម្រើសេវាសាធារណៈចាំបាច់នានា និងការដោះស្រាយទំនាស់ ឬបញ្ហាមួយចំនួនក្នុងមូលដ្ឋានជូនប្រពលរដ្ឋ គឺជាការងារអាទិភាពមួយ ហើយការងារទាំងនេះមិនទាមទារឲ្យមាននូវការចំណាយបន្ថែម ដែលជាបន្ទុករបស់រដ្ឋនោះទេ»

លោក ហ៊ុន ម៉ានី ក៏បានឆ្លៀតយកឱកាសនោះ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិការបក្សគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានចូលរួមអនុវត្ត នូវកិច្ចការងារបានយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយប្រសិទ្ធិភាព។ ទន្ទឹមនឹងនោះដែរ លោកក៏បានសំណូមពរជូនដល់ប្រជាពលរដ្ឋឲ្យមានការយោគយល់ និងសូមផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការថែរក្សាសុខភាពឲ្យបានល្អ ព្រោះថាការពារអាយុជីវិត និងសុខភាព គឺជាកត្តាអាទិភាពបំផុត សម្រាប់ក្នុងកាលៈទេសៈលំបាកនេះ៕