(ភ្នំពេញ)៖ ករណីយុវជនបើករថយន្ដ ម៉ាក LEXUS GS300 ស្លាកលេខ 2BF-9937 បុកស្ដ្រីម្នាក់ ហើយចុះទៅប្រើអំពើហិង្សាបន្ថែម នៅខណ្ឌច្បារអំពៅ រហូតមានការចែកចាយតាមបណ្ដាញសង្គម Facebook នោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជាជម្លោះរវាងកូនដើម និងម្ដាយចុង។

អធិការនគរបាលខណ្ឌច្បារអំពៅ លោកវរសេនីយ៍ឯក ម៉ៅ សឿត បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះថា ភាគីទាំងពីរត្រូវសមត្ថកិច្ចហៅមកសួរនាំ និងបានធ្វើកិច្ចសន្យាព្រមព្រៀងសម្របសម្រួលដើម្បីបញ្ចប់វិវាទ។

លោកវរសេនីយ៍ឯក ម៉ៅ សឿត បានបញ្ជាក់ថា ជនបង្កក្នុងហេតុការណ៍នេះឈ្មោះ វ៉ាង រតនា អាយុ២៣ឆ្នាំ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ប៉ុន្តែមិនបានចូលមកបំភ្លឺនោះឡើយ។

នៅចំពោះមុខសមត្ថកិច្ច និងដើមបណ្ដឹងដែលជាម្ដាយចុងឈ្មោះ ឆាយ ស៉ីណេត, ម្ដាយរបស់ឈ្មោះ វ៉ាង រតនា បានយល់ព្រមតាមសំណូមពរ របស់ដើមបណ្ដឹងដោយនាំកូនរបស់ខ្លួនជាជនបង្ក មកបំភ្លឺមុខសមត្ថកិច្ច និងសូមទោសដើមបណ្ដឹងជាសាធារណៈ ឲ្យបានមុនថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

គួរជម្រាបថា ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០កន្លងទៅ ស្ថិតក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕