(បាត់ដំបង)៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានចុះសំណេះសំណាល និងសួរសុខទុក្ខអាជីវករដែលបានចូលលក់ដូរវិញជាធម្មតា ព្រមទាំងពិនិត្យកន្លែងរងការខូចខាតនៃផ្នែកខ្លះ ផ្សារណាត់ ដើម្បីធ្វើការសម្អាតបន្ត។

លោក សឿម ប៊ុនរិទ្ធិ បានឲ្យដឹងថា អាជ្ញាធរខេត្តអនុញ្ញាតឲ្យលក់ដូរនៅផ្នែកខ្លះធម្មតាឡើងវិញ ព្រោះមិនការប៉ះពាល់ដោយភ្លើងឆេះពីពេលកន្លងទៅ ប៉ុន្តែផ្នែកខាងលិចផ្សារដែលរងការឆេះ មិនទាន់ឲ្យចូលលក់ដូរទេ ដោយសារបានរងនូវការខូចខាតសំណង់ដំបូលផ្សារ តម្រូវឲ្យមានការរៀបចំជួសជុល និងធ្វើការកែលម្អឲ្យប្រសើរឡើងវិញចាប់ពីថ្ងៃទី២ ខែកញ្ញានេះតទៅ។

លោកបន្តថា «ទំហំការខូចខាតពីការឆេះផ្សារនេះ គិតទឹកប្រាក់អស់ប្រមាណ ៨៣១,០០០ដុល្លារ តូបខូចខាតទាំងស្រុងចំនួន៣៣ ប៉ាន់ប្រមាណជាទឹកប្រាក់ចំនួន ៧៥០,០០០ដុល្លារអាមេរិក។ ក្នុងនោះមានតូបលក់គ្រឿងទេសចំនួន១៥, តូបលក់ចានឆ្នាំងចំនួន៤, និងតូបលក់ខោអាវ ចំនួន១៣ ចំណែកតូបរងការខូចខាតប្រមាណ ៥០ភាគរយ មានចំនួន៦តូប ក្នុងនោះតូបគ្រឿងទេសចំនួន៥ និងតូបខោអាវ១ គិតជាទឹកប្រាក់ប្រមាណ ៨ម៉ឺនដុល្លារអាមេរិក»

លោក សឿម ប៊ុនរិទ្ធិ បានបន្ថែមថា តាមការចុះពិនិត្យ និងវាយតម្លៃ អគ្គិភ័យនៅផ្សារណាត់នេះ បណ្តាលមកពីការទុស្សេខ្សែភ្លើង ធ្វើឲ្យប៉ះពាល់ដល់ផ្នែកខ្លះនៃដំបូលផ្សារ បង្កឲ្យមានស្នាមប្រេះធ្នឹមលើ បែកកញ្ចក់ បាក់បែកដំបូលបេតុងបន្ទះ តម្រូវឲ្យមានការសិក្សាលម្អិតពីការរៀបកែលម្អ និងជួសជុលឡើងវិញ តាមរយៈប្រគល់ឲ្យខាងមន្ទីររៀបចំដែនដី និងមន្ទីរវប្បធម៌ខេត្ត សហការគ្នាធ្វើការពិនិត្យវាយតម្លៃ ធ្វើការជួសជុលឡើងវិញទៅតាមរចនាបថដើម ដែលជាអគារអភិរក្ស។

គួរបញ្ជាក់ថា ផ្សារធំបាត់ដំបង ត្រូវបានសាងសងឡើងរួចរាល់ នៅឆ្នាំ១៩៣៦មកម្លេះ ដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បង្កឲ្យមានការភ្ញាក់ផ្អើល និងមានកិច្ចអន្តរាគមន៍ផ្ទាល់ពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿង ធ្វើការពន្លត់បាននៅវេលាម៉ោង ៧កន្លះយប់ នាថ្ងៃដដែល៕