(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីរបស់មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា ចិន បាននិងកំពុងព្យាយាមបង្កើនការផលិតទ្វេដង នូវក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងឃ្លាំងនុយក្លេអ៊ែររបស់ខ្លួន នៅរយៈពេល១០ឆ្នាំខាងមុខ ខណៈយោធាចិនបានឈានដល់ចំណុចស្មើ ឬដើរហួសសហរដ្ឋអាមេរិក នៅក្នុងវិស័យសំខាន់ៗមួយចំនួន។ ការចេញផ្សាយរបាយការណ៍នេះ កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិក និងចិន កំពុងមានភាពតានតឹងគ្នាលើបញ្ហាជាច្រើន ក្នុងនោះរួមមានសកម្មភាពយោធានៃប្រទេសទាំង២ នៅតំបន់សមុទ្រចិនខាងត្បូង និងការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ដល់កោះតៃវ៉ាន់។

សមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ ជាទីដែលសហរដ្ឋអាមេរិក និងចិន បាននិងកំពុងបង្កើនសកម្មភាពយោធា តាមរយៈការដឹកនាំការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ សុទ្ធតែត្រូវបានអ្នកជំនាញយោធាភាគច្រើនយល់ថា អាចនឹងក្លាយជាចំណុចចាប់ផ្ដើមនៃសង្រ្គាម ឬជម្លោះយោធារវាងចិន និងសហរដ្ឋអាមេរិក គ្រាន់តែគេមិនអាចទាយទុកជាមុនថា វានឹងផ្ទុះឡើង នៅពេលណា តែប៉ុណ្ណោះ។

* ការធ្វើទំនើបកម្មយោធារបស់ចិន

នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ មន្ទីរបញ្ចកោណបានឱ្យដឹងថា​ ទីក្រុងប៉េកាំង មានភាពរីកចម្រើនយ៉ាងខ្លាំងខាងវិស័យសាងសង់នាវាចម្បាំង, ការអភិវឌ្ឍមីស៊ីលបាលិស្ទីគ រួមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស ជាដើម។ របាយការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា៖ «ក្នុងរយៈពេល១០ឆ្នាំខាងមុខ ចិនអាចនឹង បង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរទ្វេដង បន្ថែមពីលើក្បាលគ្រាប់នុយក្លេអ៊ែរដែលមានស្រាប់ជាង ២៦០គ្រាប់។ មិនតែប៉ុណ្ណោះ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន សម្រាប់ បំពាក់លើមីស៊ីលបាលិស្ទីគអន្តរទី្វប ដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក ក៏ត្រូវបានគេរំពឹងដែរថានឹងកើនឡើង២០០គ្រាប់ នៅរយៈពេល៥ឆ្នាំខាងមុខ»

យ៉ាងណាក៏ដោយ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន នៅតែមានចំនួនតិចជាងសហរដ្ឋអាមេរិក​ ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាង ៣,៨០០គ្រាប់។ ក៏ប៉ុន្តែ របាយការណ៍មន្ទីរបញ្ចកោណ នៅតែបង្ហាញក្ដីព្រួយបារម្ភ ប្រឈមមុខនឹងការកើនឡើងនៃសមត្ថភាពយោធាចិន ដែលមានវិស័យខ្លះ ចិនបានវ៉ាដាច់យោធាអាមេរិក។ ជាក់ស្ដែង គិតត្រឹមដើមឆ្នាំ២០២០នេះ ចិនមានកងទ័ពជើងទឹកធំជាងគេបំផុត នៅលើពិភពលោកដោយមាននាវាចម្បាំង រួមទាំងនាវាមុជទឹក៣៥០គ្រឿង បើធៀបទៅនឹងសហរដ្ឋអាមេរិក មានតែ២៩៣គ្រឿង។

ក្រៅពីនាវាចម្បាំង ចិនមានមីស៊ីលប្រភេទ GLBM និង GLCM ដែលអាចបាញ់បានក្នុងចំងាយពី៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ ច្រើនជាង១,២៥០គ្រាប់ ព្រមទាំងមានប្រព័ន្ធ មីស៊ីលការពារអាកាសទិញពីរុស្ស៊ី S-400, S-300, មីស៊ីលស៊េរីថ្មី DF-26, ប្រព័ន្ធមីស៊ីលផលិតនៅក្នុងស្រុក និងយន្ដហោះចម្បាំងសរុបច្រើងជាង២,៥០០គ្រឿង។ បើតាម របាយការណ៍មន្ទីរបញ្ចកោណ ចិនមានផែនការបញ្ចប់ការធ្វើទំនើបយោធានៅឆ្នាំ២០៣៥ ហើយមានមហិច្ឆិតាចង់ប្រែក្លាយកងទ័ពរំដោះប្រជាជនចិន PLA ឱ្យក្លាយទៅជា «យោធាលំដាប់ពិភពលោក» នៅចុងឆ្នាំ២០៤៩។

*​​ សមុទ្រចិនខាងត្បូង

ក្នុងមួយរយៈពេលចុងក្រោយនេះ សហរដ្ឋអាមេរិក និងចិន បានបង្កើនសកម្មភាពយោធា តាមរយៈការដឹកនាំការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ នៅក្នុងតំបន់សមុទ្រចិន ខាងត្បូង ដោយបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងខា្លចក្រែងជម្លោះប្រដាប់អាវុធរវាងមហាអំណាចទាំង២ ផ្ទុះឡើង។ សហរដ្ឋអាមេរិក កាលពីខែកក្កដាកន្លងទៅ បានបញ្ជូន នាវាផ្ទុកយន្ដហោះចម្បាំង០២គ្រឿងគឺ USS រ៉ូណាល់ រីហ្គែន (USS Ronald Reagan) និង USS នីមីតស៍ (USS Nimitz) ទៅកាន់តំបន់ជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូង ដើម្បីដឹកនាំការធ្វើសមុទ្ធយោធា ហើយនេះជារឿងកម្របំផុតដែលនាវាផ្ទុកយន្ដហោះចម្បាំងទាំង២ ត្រូវបានបញ្ជូនឱ្យមកធ្វើសមយុទ្ធយោធាក្នុងតំបន់តែមួយ។

ជាការពិតណាស់ អ្នកជំនាញយោធាភាគច្រើនយល់ស្របដូចៗគ្នាថា ជម្លោះភ្លាមៗ ឬក្នុងរយៈពេលដ៏ខ្លីរវាងសហរដ្ឋអាមេរិក និងចិន នឹងមិនកើតឡើងឡើយ ហើយដោយសារតែ មានអាវុធនុយក្លេអ៊ែររៀងៗខ្លួន ធ្វើឱ្យមេដឹកនាំនៃប្រទេសទាំង២ កាន់តែមានការប្រុងប្រយ័ត្នទៅទៀត។ នៅក្នុងន័យនេះ ចិនអាចនឹងមានការអត់ធ្មត់ច្រើនជាងអាមេរិក ដ្បិតដឹងច្បាស់ថាបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ ខ្លួនមិនមែនជាដៃគូរបស់សហរដ្ឋអាមេរិក ដែលជាមហាអំណាចយោធាផុតលេខ មានសម្ព័ន្ធមិត្តរាប់រយ រួមទាំងមូលដ្ឋានយោធា នៅជុំវិញពិភពលោក នោះទេ។

ដូនតារបស់ចិន គឺអ្នកប្រាជ្ញសង្រ្គាម ស៊ុន អ៊ូ បានពោលថា៖ «អ្នកដែលដឹងថាពេលណាត្រូវចេញច្បាំង, ពេលណាមិនត្រូវច្បាំង គឺនឹងទទួលបានជ័យជម្នះ»។ ប្រហែលជា ដោយសារសេចក្ដីបង្រៀននេះហើយ ទើបកងទ័ពចិនកាលពីពេលថ្មីៗនេះ បានបញ្ជាឱ្យកងនាវាចម្បាំងរបស់ខ្លួន កុំបើកការបាញ់ប្រហារមុន នៅក្នុងករណីប្រឈមុខដាក់គ្នា ដោយផ្ទាល់ជាមួយនាវាចម្បាំងអាមេរិក ក្នុងតំបន់សមុទ្រចិនខាងត្បូង។ បើតាមលោក Blake Herzinger ជាអ្នកជំនាញគោលនយោបាយការពារជាតិក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងចិន និងសហរដ្ឋអាមេរិក ប្រាកដជានឹងប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងវិញ បើសិនជាមានការបាញ់ប្រហារដាក់គ្នាណាមួយផ្ទុះឡើង ក្នុងតំបន់សមុទ្រចិនខាងត្បូង។ លោក បន្ថែមថា ចិនអាចនឹងប្រើប្រាស់យុទ្ធសាស្ត្រសង្រ្គាមនយោបាយ និងសេដ្ឋកិច្ច ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក ជាជាងប្រឈមមុខខាងយោធា។ ក៏ប៉ុន្តែ លោក Blake យល់ ថាគេមិនបដិសេធចោលទាំងស្រុងពីលទ្ធភាពនៃការផ្ទុះជម្លោះយោធានោះទេ ជាពិសេសនៅពេលសមត្ថភាពយោធា និងឥទ្ធិពលរបស់ចិន កើនឡើងកាន់តែខ្លាំង ឬក៏តាមជិតទាន់ សហរដ្ឋអាមេរិក។

* កោះតៃវ៉ាន់

ចិន បានព្រមានជារឿយៗថា ខ្លួននឹងប្រើប្រាស់កម្លាំងយោធាវាយកាន់កាប់កោះតៃវ៉ាន់ភា្លមៗ បើសិនជាទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ ឬក៏មានកម្លាំងខាងក្រៅណាមួយប៉ុនប៉ងបំបែកតៃវ៉ាន់ ចេញពីចិនដីគោក។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនអាមេរិកជំនាញភូមិសាស្ត្រនយោបាយ Stratfor ចេញផ្សាយកាលពីខែមិថុនាកន្លងទៅ ជម្រើសដំបូង របស់ទីក្រុងប៉េកាំង គឺបញ្ជៀសសង្រ្គាមជាមួយកោះតៃវ៉ាន់ តាមរយៈការប្រើប្រាស់ឥទ្ធិពលការទូតរបស់ខ្លួនអូសទាញសម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់ ឱ្យផ្ដាច់ទំនាក់ទំនងជាមួយ ដែនកោះមួយនេះជាថ្នូរនឹងការទទួលបានប្រយោជន៍សេដ្ឋកិច្ចពីចិន។ នេះគេហៅថា «យុទ្ធសាស្ត្រឈ្នះដោយមិនបាច់ច្បាំង»

របាយការណ៍របស់ Stratfor បានឱ្យទៀតថា ទោះបីជាចិនចង់បញ្ជៀសសង្រ្គាមជាមួយកោះតៃវ៉ាន់ក៏ដោយ តែវាមិនមែនមានន័យថាទីក្រុងប៉េកាំង បោះបង់ចោលគំនិតប្រើប្រាស់ កម្លាំងយោធា នោះទេ។ ពោលគឺបើនិយាយពីកម្លាំងយោធា បើចិនចង់វាយកាន់កាប់កោះតៃវ៉ាន់ វាមិនមែនជារឿងលំបាកឡើយ ហើយបើចិនបើកការវាយប្រហារមែន សហរដ្ឋអាមេរិក ក៏មិនអាចជួយតៃវ៉ាន់ ទាន់ពេលនោះដែរ។ តែរឿងដែលសំខាន់ នោះគឺនៅត្រង់ថាចិនហ៊ាន ឬក៏មិនហ៊ានប្រឈមមុខនឹងអាមេរិក ក៏ដូចជាសហគមន៍អន្តរជាតិ ។

នៅត្រង់ចំណុចនេះដែរ លោកស្រី អូរៀណា ស្កាយឡា ម៉ាស្រ្តូ (Oriana Skylar Mastro) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Militarytimes ដូច្នេះថា៖ «អ្នកជំនាញយោធា អាមេរិកភាគច្រើន គិតថាចិនមិនទាន់ត្រៀមខ្លួនរួចរាល់ឡើយ ដើម្បីវាយកាន់កាប់កោះតៃវ៉ាន់ ដោយកម្លាំងយោធា រហូតដល់ឆ្នាំ២០២៨។ ប៉ុន្តែ ខ្ញុំបានលឺពីយោធាចិនថា ពូកគេ យល់ថាខ្លួនអាចនឹងត្រៀមរួចរាល់ក្នុងរយៈពេល មួយ ឬពីរឆ្នាំទៀត»។ លោកស្រីបន្ថែមថា សេណារីយ៉ូល្អ សម្រាប់ភាគីពាក់ព័ន្ធ គឺការគ្រប់គ្រងជម្លោះ ឬជម្លោះរយៈពេលខ្លីដែល នៅតែអាចរក្សាបាននូវស្ថានភាពដើម នាពេលបច្ចុប្បន្ន។ នេះមានន័យថា គ្មានឡើយការបង្រួបប្រងួមរវាងចិន និងតៃវ៉ាន់ ហើយក៏គ្មានដែរឯករាជ្យសម្រាប់កោះតៃវ៉ាន់់៕

ប្រភព៖ Militarytimes