(បាត់ដំបង)៖ ការបង្កើត វេទិកាអប់រំ(App)ផ្សេងៗ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង (App) រវាងសាលារៀន និងអ្នកអាណាព្យាបាល ព្រមទាំងការបញ្ចូលកម្មវិធីសិក្សាបន្ថែម គឺជារបត់ថ្មីមួយក្នុងវិស័យអប់រំ ដែលចូលរួមបង្កើនគុណភាពអប់រំនៅកម្ពុជាឲ្យកាន់ប្រសើរឡើង និងចាត់ទុកថាជាសាលារៀន ឆ្លាតវៃទី១ នៅខេត្តបាត់ដំបង។ នេះលើកឡើងរបស់លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្តបាត់ដំបង ក្នុងពិធីទស្សនកិច្ចសាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ខេត្តបាត់ដំបង។

លោកប្រធានមន្ទីរបានបន្តទៀតថា កម្មវិធីសិក្សារបស់សាលារៀនវ៉េស្ទឡាញន៍ អនុវត្តតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ហើយលើសពីនេះ សាលារៀនបន្ថែមកម្មវិធីសិក្សាបន្ថែមមួយទៀត ដូចជាកម្មវិធីទម្លាប់ល្អទាំង៧ កម្មវិធីបណ្តុះ បណ្តាលផ្នែកហិរញ្ញវត្ថុ និងកម្មវិធី STEM ដើម្បីអភិវឌ្ឍផ្នែក ឥរិយាបថនិងផ្នត់គំនិត ផ្នែកធុរកិច្ច និងផ្នែកបច្ចេកវិទ្យា។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យុខេសិន គ្រុប បានលើកឡើងថា ការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងការសិក្សានឹងជួយលើកកម្ពស់ការសិក្សារៀនសូត្រ កាន់តែប្រសើរឡើង និងទទួលបានចំណេះដឹងថ្មីៗ ក្នុងរបត់នៃបដិវដ្តឧស្សាហកម្ម 4.0 ។

លោកឧកញ៉ាបានបន្តទៀតថា សាខាសាលារៀនវ៉េស្ទឡាញន៍ នៅចំការសំរោង ខេត្តបាត់ដំបងនេះ នឹងក្លាយជាសាលារៀនឆ្លាតវៃដំបូងគេ ដោយសារតែបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Edemy, E-School, Sangapac, Maxbit, V-Connect, DTP ក្នុងការបង្កើតវេទិកាបង្រៀន(App) ដើម្បីគាំទ្រដល់ការសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ ព្រមវាយតម្លៃការសិក្សា តាមរយៈការធ្វើតេស្ត សមត្ថភាព ដែលសិស្សអាចទទួលលទ្ធផល និងកំណែភ្លាមៗ ប្រសិនជាលទ្ធផលនៅចំណុចណា មិនសូវប្រសើរនោះ សិស្សអាចសិក្សាឡើងវិញបាន។

«ជាពិសេសសាលារៀនមានប្រព័ន្ធគ្រប់គ្រង និងទំនាក់ទំនងរវាងសាលារៀន និងអ្នកអាណាព្យាបាល ដើម្បីបង្កភាពងាយដល់អ្នកអាណាព្យាបាល តាមដានលទ្ធនៃការសិក្សា និងវត្តមានសិស្សពីចម្ងាយ ក៏ដូចជាការទូទាត់ការចំណាយផ្សេងៗតាម ប្រព័ន្ធអេឡិត្រូនិចដ៏ទំនើបផងដែរ»

ឧកញ៉ា ប៉ិច បូឡែន បានបន្ថែមថា កាលពីមុនការធ្វើពិសោធន៍មានតែទ្រឹស្តី មិនផ្សារភ្ជាប់ជាមួយការអនុវត្ត ប៉ុន្តែនៅពេលបច្ចុប្បន្ន សាលាមានបន្ទប់ពិសោធន៍ និងឧបរណ៍សម្រាប់អនុវត្តជាក់ស្តែង។ ក្រៅពីកម្មវិធីកុំព្យូទ័រវាយអត្ថបទ Word , Excel សាលារៀនក៏មានបន្ថែមកម្មវិធីសរសរកូដ (Coding & Programing) ដើម្បីឲ្យសិស្សបង្កើតរូបភាពស្រមើលស្រមៃ និងគំនិតច្នែប្រឌិតបង្កើតអ្វីមួយថ្មី ព្រមទាំងចំណេះដឹង ជំនាញផ្នែកបច្ចេកវិទ្យាផងដែរ។

សាលាបានប្រើឧបករណ៍ VR (Vitual Reality) ដែលជាវែនតាសម្រាប់មើលវីដេអូមេរៀនឃើញរូបភាពពិតប្រាកដ ទាក់ទងនឹងសកលលោក ភពផែនដី រូបសត្វកាលពី រាប់លានឆ្នាំមុន សត្វរស់នៅក្នុងបាតសមុទ្រ។ សម្រាប់បវេសនកាលឆ្នាំសិក្សាខាងមុខនេះ សាលារៀននឹងផ្តល់ជូនអាហារូបករណ៍រហូតដល់៤០% និងធានារ៉ាប់រងគ្រោះថ្នាក់ ព្រមទាំងការពារការសិក្សារបស់សិស្សានុសិស្សរហូតដល់ ៥ឆ្នាំ។

សូមជម្រាបថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នឹងចាប់ផ្តើម ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណ:ខ្លះ និងគ្រឹះស្ថានសិក្សាឯកជនខ្លះ ដោយត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញ ខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះតាមតម្រូវការជាក់ស្តែង) និងត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ដំណើការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩។ នេះបើតាមការជូនដំណឹងរបស់ក្រសួងអប់រំ៕