(ភ្នំពេញ)៖ រថយន្តម៉ាក ISUZU 2020 មួយគ្រឿង តម្លៃជាង ៦ម៉ឺនដុល្លារអាមេរិក ត្រូវបានក្រុមហ៊ុនកម្ពុជាតេលា ប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា ទុកដើម្បីបម្រើការងារផ្សេងៗរបស់សមាគម។

ពិធីប្រគល់ និងទទួលរថយន្តត្រូវបានធ្វើឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា។

ឧកញ៉ា ឈុន អូន បានសម្តែងការពេញចិត្ត ចំពោះការឧបត្ថម្ភរថយន្តមួយគ្រឿងនេះ ដល់សមាគមអតីតយុទ្ធជន ដែលជាសមាគមមួយដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងជួយទ្រទ្រង់ដល់អតីតយុទ្ធជនកម្ពុជា។ សកម្មភាពនេះជាការលើកកម្ពស់ និងការចងចាំចំពោះគុណូបការៈរបស់អតីតយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

លោក គន់ គីម ក្នុងនាមសម្តេចតេជោបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនកម្ពុជាតេលា ដែលជានិច្ចកាល តែងបានជួយដល់សមាគមទាំងមធ្យោបាយ សម្ភារៈ និងថវិកា។

លោកបានថ្លែងថា នេះជាទង្វើប្រកបដោយមនុស្សធម៌ ក៏ដូចជាបង្ហាញនូវស្មារតីអាណិតស្រលាញ់គិតគូរចំពោះអតីតយុទ្ធជន។ លោក គន់ គីម បានកោតសសើរនូវទឹកចិត្តដ៏សប្បុរសរបស់លោកឧកញ៉ា និងបានជូនពរលោកឧកញ៉ា និងក្រុមហ៊ុនតេលាបានទទួលជោគជ័យលើមុខជំនួញរបស់ខ្លួន៕