(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញផែនការរួមមួយ ក្នុងទិសដៅថែរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នៅក្នុងពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ តាមបណ្ដាវត្តអារាម ទូទាំងខណ្ឌ ជូនប្រជាពលរដ្ឋ។

ការដាក់ចេញផែនការរួម ក្នុងទិសដៅថែរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នៅក្នុងពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ តាមបណ្ដាវត្តអារាម ទូទាំងខណ្ឌ ជូនប្រជាពលរដ្ឋ ត្រូវបានអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចរៀបចំឡើង ដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ, អធិការនគរបាលខណ្ឌ, មេបញ្ជាការរងអាវុធហត្ថខណ្ឌ, យោធភូមិភាគពិសេសខណ្ឌ, ប្រធាន, អនុប្រធានតាមបណ្ដាការិយាល័យជុំនាញខណ្ឌ, ប្រជាការពារខណ្ឌ, ចៅសង្កាត់, ចៅសង្កាត់រង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងសាលនៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវនេះ លោក ជា ពិសី បានសង្កត់ធ្ងន់ទៅតាមផែនការគ្រោងទុក ដោយផ្ដោតសំខាន់លើរបៀបវារៈមានដូចជា៖
* ១-ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងលេខ ១០០៣ ចាប់ពីបុរីអង្គរ ដល់មហាវិថីឈ្នះឈ្នះ ប្រវែង ៥,៨៦០ម៉ែត្រ។
* ២-បញ្ហាសន្តិសុខ សណ្តាប់ធា្នប់សាធារណៈ អនាម័យ និងបរិស្ថាន ក្នុងមូលដ្ឋាន។
* ៣-បញ្ហាពាក់ព័ន្ធ ភូមិ-សង្កាត់ មានសុវត្ថិភាព និងបញ្ហាអគ្គីភ័យ (ការអុជ ធូប ទៀន ក្នុងថ្ងៃសែនក្បាលទឺក) ក្នុងមូលដ្ឋាន។
* ៤-ត្រៀមរៀបចំផែនការការពារក្នុងពិធីបុណ្យកាន់បិណ្ឌ នៅក្នុងមូលដ្ឋាន និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋចូលរួមក្នុងពិធីកាន់បិណ្ឌរបស់រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ។
* ៥-ការងារទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត។
*៦-បញ្ហាផ្សេងៗ៕