(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីការប្រព្រឹទ្ធទង្វើ «សន្ទិដ្ឋិភាពជាមួយបរទេស» ជាទង្វើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ការចោទប្រកាន់បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានថ្លែងសារភាពនូវគម្រោង និងសកម្មភាពរបស់ខ្លួនក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីបរទេស ដើម្បីធ្វើសកម្មភាពទាំងនេះ។ ការថ្លែងបង្ហាញនូវសកម្មភាពនេះ បានធ្វើឡើងក្នុងជំនួបជាមួយអ្នកគាំទ្ររបស់ខ្លួននៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ ក្រោយពេលបោះឆ្នោតអាណត្តិទី៥។

ក្នុងជំនួបជាមួយអ្នកគាំទ្រនោះលោក កឹម សុខា បានថ្លែងបញ្ជាក់ពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលយ៉ាងដូច្នេះ «តាំងពីឆ្នាំ១៩៩៣ ដែលខ្ញុំជាប់តំណាងរាស្ត្រដំបូង អាមេរិកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិកមុនគេបង្អស់ក្នុងនាមអ្នកនយោបាយខ្មែរនៅក្នុងប្រទេស ដើម្បីឱ្យយល់ពីដំណើរការប្រជាធិបតេយ្យគេជួយ។ មួយឆ្នាំខ្ញុំទៅម្តងៗ តាំងពីឆ្នាំ១៩៩៧ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីប្រទេសកម្ពុជាមានការផ្លាស់ប្តូរ គេត្រូវឱ្យខ្ញុំដកខ្លួនចេញអំពីនយោបាយមួយគន្លាក់សិន មួយដំណាក់សិន។ ខ្ញុំក៏លាឈប់ពីនយោបាយ ពីគណបក្សនយោបាយដែលខញ្ុធ្លាប់នៅ នៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

តើគេឱ្យបង្កើតដើម្បីអី គេថាបើចង់ប្តូរអ្នកដឹកនាំយើងមិនអាចទៅជល់ខាងលើបានទេ មុនដូរខាងលើបានទាល់តែគាស់អាក្រោមសិន ទាល់តែដូរពីក្រោមទៅមុន។ ជាយុទ្ធសាស្ត្រនយោបាយរបស់ប្រទេសប្រជាធិបតេយ្យគេធ្វើអ៊ីចឹង ហើយសហរដ្ឋអាមេរិក ដែលគេជួយខ្ញុំនេះ គេឱ្យខ្ញុំមូដែលតាមនៅប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹកនាំផ្តាច់ការមេឡូសាវិកបាន។ មេឡូសាវិក រថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែគេប្តូរបានដោយសារគេធ្វើយុទ្ធសាស្ត្រហ្នឹង។ ហើយគេយកបទពិសោធន៍ហ្នឹងមកឱ្យខ្ញុំធ្វើនៅស្រុកខ្មែរតែអត់មាននរណាដឹងទេ ប៉ុន្តែយុទ្ធសាស្ត្រនេះដោយសារថ្ងៃនេះយើងដល់មួយដំណាក់ហើយ ខ្ញុំត្រូវប្រាប់បងប្អូនឱ្យដឹង ហើយនៅបន្តទៀតនឹងជោគជ័យយើងទទួលបាន។ ខ្ញុំអត់មានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការ សាស្ត្រាចារ្យ ប្រូហ្វេស័រនៅសាកលវិទ្យាល័យនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ដែលអាមេរិកាំងគេជួលមក ដើម្បីធ្វើការផ្តល់មតិឱ្យខ្ញុំរៀបជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំ។ ហើយខ្ញុំធ្វើតាមក្បួនប៉ុណ្ណឹងហើយ មានយុទ្ធសាស្ត្រប៉ុណ្ណឹងហើយបើមិនជោគជ័យទៀត មិនដឹងថាយ៉ាងម៉េចទៀតទេ?»

ដោយយោងលើការបង្ហាញនូវភស្តុតាងដែលជាការលើកឡើងរបស់លោក កឹម សុខា នេះហើយ ដែលនាំឱ្យសមត្ថកិច្ចឈានទៅចាប់ខ្លួននៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ។ ក្រោយមកលោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP ជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។

លុះដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះ ដោយដាក់ លោក កឹម សុខា ឲ្យមានសេរីភាពច្រើនជាងមុន។ ការកែសម្រួលលក្ខខណ្ឌនេះ ដោយសារលោក កឹម សុខា បានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។

ទោះបីបើកលំហរសេរីភាពខ្លះក៏ដោយ តែត្រូវភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនរួមមាន៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា, មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។

សំណុំរឿងប្រព្រឹត្តទង្វើក្បត់ជាតិរបស់លោក កឹម សុខា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លើកមកបើកសវនាការជំនុំជម្រះកាលពីខែមករា តែត្រូវបានផ្អាកទៅវិញរហូតមកដល់ពេលបច្ចុប្បន្នដោយសារតែបញ្ហាជំងឺកូវីដ១៩៕