(កំពត)៖ ក្រោយទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងការបង្ហោះក្នុងបណ្តាញសង្គម ចោទប្រកាន់ថាកងពលតូចថ្មើរជើងលេខ៣១ បានធ្វើរបងបិទមិនឱ្យពួកគាត់ ចេញចូលដើម្បីយកដីសាធារណៈដែលជាដីអតីតសាកលវិទ្យាល័យកំពត-តាកែវ ស្ថិតក្នុងភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូកខេត្តកំពតនោះ លោក ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំបើកកិច្ចប្រជុំនៅសាលាស្រុកឈូក ដើម្បីរកដំណោះស្រាយលើករណីបណ្ដឹង របស់ប្រជា ពលរដ្ឋនេះ។

កិច្ចប្រជុំបន្ទាន់មួយនេះក៏មានការនិមន្ត និងចូលរួមពីព្រះមេគុណខេត្ត គណៈមន្ត្រីសង្ឃខេត្ត មេបញ្ជាការយោធភូមិភាគ៣ មេបញ្ជាការកងពលថ្មើរជើងលេខ៣១ អភិបាលរងខេត្ត អាជ្ញាធរស្រុក ឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានបញ្ជាក់ថា ដើមចមនៃបញ្ហាការព័ទ្ធរបង នៅទីតាំងដីអតីតសាកលវិទ្យាល័យ ភូមិន្ទកំពត-តាកែវ ដើម្បីរក្សាទុកដីរបស់រដ្ឋតែប៉ុណ្ណោះគ្មានចេតនាយកដីរដ្ឋឡើយ។

ជាមួយគ្នានោះដែរលោក ជាវ តាយ បានឱ្យដឹងដែរថា ក្រុមការងារថ្នាក់ខេត្ត ស្រុក បានសម្របសម្រួលករណីបណ្តឹងខាងលើជាមួយ កងពលតូចថ្មើរជើងលេខ៣១ ដោយបានឯកភាពដកបង្គោលផ្នែកខាងកើតជាប់ស្រះទឹកប្រវែង ១០ម៉ែត្រ ដោយទុកផ្លូវចេញចូលដូចមុន និងដកបង្គោលរបងផ្នែកខាងមុខស្រះទឹកប្រវែង ៤ម៉ែត្រធ្វើជាផ្លូវចូ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរចេញចូលឆ្លងកាត់ផ្លូវដែលពាក់ព័ន្ធនោះ៕