(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ផ្សាយចេញពីទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

មហាសន្និបាតនេះធ្វើឡើងតបតាមការអញ្ជើញ របស់លោកស្រី ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤១។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ។

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងទៀតថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការទូតសភាដើម្បីភាពស្អិតរមួត និងការឆ្លើយតបអាស៊ាន»។ នៅក្នុងកំឡុងពេលនៃមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជាច្រើនរបស់អាយប៉ាដែល សម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូ ចូលរួមប្រជុំមានដូចជា កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការស្រ្តី(WAIPA) កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និង កិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេស ជាសមាជិកសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៉ី ឡាវ ម៉ាឡេស៉ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

អន្តរសភាអាស៊ាន ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅ សហគមន៍អាស៊ានតែមួយ។

មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នា តាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតំាង៕