(ភ្នំពេញ)៖ រឿងឌុចចប់សព្វគ្រប់ហេីយ នៅឡេីយរឿងមនុស្សជាតិ។ ការស្លាប់របស់ឌុចកាលពីយប់មិញវេលាម៉ោង ០និង៥១នាទី សម្រាប់ឌុចនិងក្រុមគ្រួសារ នៅក្រោយពិធីបុណ្យសព រឿងឌុចបិទបញ្ចប់ទាំងស្រុងហើយ។ ពីបញ្ញាវ័ន្ត១រូប មកជាជនល្បីល្បាញសុះសាយពេញផែនដី ដោយរឿងម៉ាស៉ីនសម្លាប់មនុស្សនៅមន្ទីរសន្តិសុខ ស~២១ កាំង ហ្កេកអ៊ាវ ហៅឌុច បានលុតជង្គង់ និងស្នើសុំជនរងគ្រោះទុកទ្វារចំហរ ដើម្បីគាត់ចូលសុំទោស និងបានសុំទោស ព្រមទាំងសារភាពទទួលខុសត្រូវចំពោះការស្លាប់របស់ជីវិតមនុស្សនៅគុកទួលស្លែងចំនួន១២២៧២នាក់។

៣ កុម្ភៈ ២០១២ តុលាការខ្មែរក្រហមបានផ្តន្ទាទោសគាត់ ដាក់ពន្ធនាគារអស់១ជីវិតពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងបិទផ្លូវតវ៉ា។

រឿងមិនទាន់បិទគឺរឿងមនុស្សជាតិ។ ប្រជាជនខ្មែរមិនខុសពីប្រជាជនដទៃខ្លះទៀតទេ គឺជាជនរងគ្រោះនៃមនោគមន៍វិជ្ជាបរទេសពីរគឺប្លុកសេរី និងប្លុកកុំមុយនីស្ត ដែលធ្វើឲ្យខ្មែរឈ្លោះ ស៉ីសាច់ហុតឈាមគ្នា មានឯង អត់អញ រហូតដល់ប្រជាជនកម្ពុជារវាងពី១.៧លាន ទៅ២.២លាននាក់ដែលតុលាការកូនកាត់រកឃើញ ត្រូវបានសម្លាប់យ៉ាងរង្គាលក្រោមកណ្តាប់ដៃបន ប៉ុលពត។

តើមនោគម៍វិជ្ជានេះផុតរលត់អស់ឬនៅពីផ្នត់គំនិតខ្មែរ? ពិតជាពិបាកឆ្លើយ សំណួរល្អមិនប្រាកដមានចម្លើយល្អទេ។

ក្នុងនាមអតីតកុមាររងគ្រោះម្នាក់ ខ្ញុំបាទយល់ឃេីញថាដេីម្បីកុំឲ្យមនុស្សជាតិជំនាន់ក្រោយដេីររតាមគន្លងចាស់ មនុស្សជំនាន់នេះគួរចងក្រងឲ្យបានល្អនូវបណ្ណាសារជាតិ១រួមមាន៖
* ប្រវត្តិឌុច
* ការកាត់ទោសឌុច
* ពាក្យសុំទោស ឌុច
* ការទទួលយកឬមិនទទួលយករបស់ជនរងគ្រោះ
* អ្នកនៅរស់រានមានជីវិតពីស~២១ ពីស~២៤
* ជនរងគ្រោះដែលរកឃើញសាច់ញាតិតាមរយៈរូបថតនៅគុកទួលស្លែង
* ការស្លាប់របស់ ឌុច និងពិធីបូជាសព..

ការចងក្រងបែបនេះ ស្មេរយល់ថាគឺជាការឆ្លើយតបទៅនឹងសំណួរថាហេតុអីបានជាបនប៉ុលពតប្រែក្លាយសាលារៀនទួលស្លែងទៅជាគុកនៃម៉ាស៉ីនសម្លាប់មនុស្សទៅវិញ ហេីយបេីស្រាវជ្រាវចប់ជីវិតមនុស្សដែលបានបាត់បង់នៅទីនោះ រហូតដល់ប្រមាណ២ម៉ឺននាក់ ជូនយុវជនខ្មែរនិងបរទេសជំនាន់ក្រោយ ទុកជាមេរៀនដែលត្រូវចៀសវាង និងត្រូវចងចាំ។

សម្លេងពីស២១នៅអន្ទងយើងសព្វថ្ងៃ។ ប្រសិនបើពិនិត្យនៅតាមជញ្ជាំងឈើ ឬថ្មនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អ្នកទស្សនាប្រាកដជាឃើញជាលេខ ឬឈ្មោះ ឬក្រាហ្វិកផ្សេងៗដែលអ្នកទោសប្រើក្រចកដៃសរសេរលេខពីចំនួនថ្ងៃដែលខ្លួនត្រូវបានឃុំឃាំង សួរចម្លើយ និងទទួលទារុណកម្ម សរសេរជាឈ្មោះរបស់ខ្លួន ឬសរសេរឧទ្ទិសដ្ឋានរង់ចាំសេចក្តីស្លាប់។

ស្មេរដែលបានទៅមើលច្រើនដងហាក់ដូចជាយល់ថា អ្នកទោស (អ្នកស្លាប់ ឬសុំទោសដែលយើងហៅថាខ្មោច) កំពុងនិយាយមកកាន់ស្មេរ។
តើគួរសិក្សាស្រាវជ្រាវនិងចងក្រងទុកដែរឬទេ?
តើមានទេនៅលើលោកនេះដែលខ្មោចចេះនិយាយ?
សំណួរពិតជានៅមានច្រើន។
ដូច្នេះរឿងឌុចសម្រាប់បុគ្គលនិងគ្រួសារ បានបិទបញ្ចប់មែននៅឡើយតែរឿងមនុស្សជាតិ។

ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០
ដោយ៖ អតីតកុមាររងគ្រោះនៃរបបអាវខ្មៅ