(ភ្នំពេញ)៖ មុនពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ ក្រសួងសុខាភិបាល បានថ្លែងសារអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវការពារខ្លួនកុំឲ្យឆ្លងកូវីដ១៩ និងកុំឲ្យមានការពុលអាហារឡើយ អំឡុងពេលប្រារព្ធពិធីបុណ្យ ទំនៀមទម្លាប់ប្រពៃណីជាតិនេះ។

ថ្លែងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមលោកអ្នកមានការប្រុងប្រយ័ត្ន នូវសុខភាពផ្ទាល់ខ្លួន ហើយទន្ទឹមនឹងការប្រុងប្រយ័ត្ន និងការអនុវត្តនូវវិធានការការពារខ្លួន កុំឲ្យមានការចម្លងកូវីដ១៩។ ខ្ញុំសូមឲ្យប្រជាពលរដ្ឋយើងទាំងអស់ យកចិត្តទុកដាក់រក្សានូវសុវត្ថិភាព អនាម័យ ចំណីអាហាររបស់យើងនេះ ឲ្យបានល្អត្រឹមត្រូវ ចៀសវាងបង្ហាសុខភាព ដែលបណ្តាលមកពីម្ហូបអាហារ»។

ចំណុចសំខាន់៥ ដែលក្រសួងសុខាភិបាល សំណូមពរឲ្យមានសុវត្ថិភាពចំណីអាហារ រួមមាន៖

* ១៖ សូមចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អ
* ២៖ សូមមានការរក្សាទុកដាក់ចំណីអាហារឲ្យបានត្រឹមត្រូវ កុំឲ្យច្របូកប្របល់គ្នា កុំទុកម្ហូបអាហារដល់ផ្អូម ដែលនាំឲ្យអ្នកទទួលទានពុលអាហារ
* ៣៖ ចៀសវាងប្រើប្រាស់នូវរបស់របរដែលមិនស្អាត ហើយត្រូវតែលាងសម្អាតសម្ភារចម្អិនអាហារឲ្យបានត្រឹមត្រូវ
* ៤៖ ចៀសវាងការប្រើប្រាស់ស្រា «ស» ដែលមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ចៀសវាងយកមេតាណុលមកលាយធ្វើស្រា
* ៥៖ បើប្អូនរក្សាម្ហូបអាហារនេះ ឲ្យនៅសីតុណ្ហភាពត្រឹមត្រូវ បើត្រជាក់ក្រោម ៥អង្សា បើក្តៅលើសពី ៦០អង្សា។

ជាថ្មីម្តងទៀត លោកស្រី ឱ វណ្ណឌីន នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋ ការពារខ្លួនកម្រិតខ្ពស់ពីការចម្លងកូវីដ១៩ តាមទីវត្តអារាម ដោយអនុវត្តន៍វិធានការសាមញ្ញៗ ដូចជាលាងសម្អាតដៃឲ្យបានស្អាតជានិច្ច ពាក់ម៉ាសឲ្យបានជាប់ជានិច្ច។ បន្ថែមលើនេះ ពេលស្តាប់ព្រះសង្ឃសូត្រធម៌ ពេលរាប់បាតព្រះសង្ឃ និងធ្វើសកម្មភាពដទៃតៀត ត្រូវរក្សាគម្លាតសុវត្ថិភាព ហើយបែងចែកឲ្យមានក្រុមតូចៗ។

អ្នកនាំពាក្យក្រសួងសុខភិបាល ថែមទាំងបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត ត្រូវជួយប្រជាពលរដ្ឋ ក្នុងការរៀបចំសុវត្ថិភាពជូនពួកគាត់ឲ្យបានល្អ ធ្វើយ៉ាងណាឲ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងឡើយ៕