(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាកររង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានចូលរួមស្តាប់ការសិក្សាអំពីឋានលេខា ដើម្បីស្វែងយល់អំពីផែនទី ខ្នាត ១/២៥០០០។ ការស្វែងយល់បន្ថែមលើផែនទីនេះ ធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងទីបញ្ជាការកងពលតូចលេខ៧០។

សូមជម្រាបថា កាលពីថ្មីៗកន្លងទៅនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពិធីប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ និងយល់កាន់តែច្បាស់ពីផែនទីថ្មីនេះ។

ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ត្រូវបានកម្ពុជា-វៀតណាម រៀបចំពិធីពិធីប្រគល់និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។

ការរៀបចំប្រគល់ទទួលផែនទីនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ៕