(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ចំនួន១៦គ្រួសារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ បណ្ដាឲ្យខូចខាតផ្ទះសំបែង នៅក្នុងឃុំសំរោង ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

លើកឡើងក្នុងឱកាសនោះលោក អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមសោកស្ដាយទ្រព្យសម្បត្តិផ្ទះសម្បែង របស់ប្រជាពលរដ្ឋរងគ្រោះទាំង១៦ គ្រួសារពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលរយៈពេលកន្លង មកសម្តេចទាំងពីរតែងតែគិត គូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី និងដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ។

លោក អ៊ុំ រាត្រី បានសំដែងនូវការកោតសរសើរ និងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ចុះជួយជួសជុលផ្ទះសម្បែង ពលរដ្ឋបានទាន់ពេលវេលាពេល ដែលមានប្រជាពលរដ្ឋជួបនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងចូលរួមការអនុវត្តបង្កាការពារ ជំងឺរីករាលដាលកូវីដ១៩ ឲ្យបានជាប្រចាំដូច ជាលាងដៃឲ្យបានញឹកញាប់ពាក់ម៉ាស់នៅទីប្រជុំជន និងចូលរួមសំអាតអនាម័យបរិស្ថាន ហូបស្អាតផឹកស្អាត រស់នៅស្អាតចូលរួមក្នុងការដាំដំណាំបន្លែបង្កា បន្ថែមដើម្បី បង្កើនសេដ្ឋកិច្ចគ្រួសារបានមួយកំរិតទៀត។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ មី១កេស ត្រីខ ១០កំប៉ុង ក្នុងនោះ មានប្រេងឆា ទឹកស៊ីអ៊ីវ ភួយ មុង ក្រមា សារុង និងថវិកាមួយចំនួនផងដែរ៕