(កណ្ដាល)៖ ជាប់គុកចំនួន៥ដងហើយនៅតែមិនរាង បុរសម្នាក់ក្រោយពីចេញពីគុកនៅតែដើរអុកឡុកក្នុងភូមិ ដោយប្រើដុំថ្មគប់ជញ្ជាំង និងដំបូលផ្ទះ អ្នកក្រុងតាខ្មៅ ជារឿយៗ ដោយគ្មានកោតក្រែងខ្លាចនរណាម្នាក់សោះឡើយ ត្រូវបានលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បញ្ជាឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗក្រោយទទួល ពាក្យបណ្ដឹងជាបន្តបន្ទាប់។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមលោកអធិការ យី វណ្ណដា បានប្រាប់ថា ជនរងគ្រោះឈ្មោះ ហុកគ្រី សុខលាង ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ។ រីឯជន សង្ស័យឈ្មោះ សយ ចាន់សិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ។

ប្រភពដដែលបានរៀបរាប់សាច់រឿងថា នៅពេលកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយយកដុំថ្ម និងដុំឥដ្ឋប្រហោងគប់ជញ្ជាំងផ្ទះនិងរបងផ្ទះរបស់ ជនរងគ្រោះ ដោយមិនដឹងមូលហេតុ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ដើមមៀន បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

ក្រុមប្រជាពលរដ្ឋបានអបអរសាទរណាស់ចំពោះការចាប់ខ្លួននេះ ព្រោះជនម្នាក់នេះតែងតែដើរអុកឡុកក្នុងភូមិ ដោយគ្មានមូលហេតុអ្វីឡើយ ហើយជននេះមានសតិល្អ គ្រប់គ្រាន់ គ្មានសារធាតិញៀននោះទេ តែឱ្យតែពេលផឹកស្រវឹងម្ដងៗ ដឹងថាទាញដុំថ្ម ដុំឥដ្ឋដើរគប់ផ្ទះគេ ពេញភូមិតែម្ដង។

ប្រភពបញ្ជាក់ថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ០៥ដងមកហើយ ករណីគប់ជញ្ជាំងផ្ទះ និងរបងផ្ទះគេនេះ៕