(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់យុវជន យុវនារី និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាទប់ស្កាត់បដិវត្តន៍ពណ៌ ការបម្រើមនោគមន៍វិទ្យាបរទេស និងប្រឆាំងរាល់ការជ្រៀតជ្រែកពីសំណាក់កងកម្លាំងអមិត្ត និងមិនឱ្យមានក្រុមណាមួយ ឬចលនាណាមួយ ទាញសង្គមជាតិឱ្យធ្លាក់ក្នុងសង្គ្រាម ដូចអតីតកាល បើទោះបីក្នុងតម្លៃណាក៏ដោយ។

ការអំពាវនាវបែបនេះលោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរូបសំណាក «ស្ត្រីកំពុងអង្គុយឱបកូន» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរលោក ឃួង ស្រេង បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា និយាយដោយឡែកនៅរាជធានីភ្នំពេញ ក្នុងពេលអតីតកាលនៃរបប ប៉ុលពត បានធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ជនបទគ្មានសល់ បញ្ញាវ័ន្តត្រូវបានសម្លាប់រង្គាល ប្រជាជនអត់អាហារស្គមស្គាំង មានតែស្បែក និងឆ្អឹង សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មគ្រប់ប្រភេទ ត្រូវបានលុបបំបាត់ និងមានសង្គ្រាមឈ្លប នៃចលនាឧទ្ទាមពាសពេញប្រទេស ហើយហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានបំភ្លេចបំផ្លាញដល់ចំណុចសូន្យ។ ដូច្នេះ លោកសូមអំពាវនាវឱ្យជនរួមជាតិទាំងអស់ រក្សាឱ្យបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធ្វើយ៉ាងណាកុំឱ្យរបបប្រល័យពូជសាសន៍វិលមកជាលើកទីពីរម្ដងទៀត។

លោកក៏បានបញ្ជាក់ផងដែរថា ការកសាងរូបសំណាកស្ត្រីកំពុងអង្គុយឱបកូន ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ គឺដើម្បីរំលឹកឡើងវិញនូវសច្ចធម៌ប្រវត្តិសាស្ត្រ នៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ ដែលត្រូវព្រាត់ប្រាស់ក្រុមគ្រួសារ ប្រពន្ធព្រាត់ប្ដី ប្ដីព្រាត់កូន ហើយក៏មិនដឹងថាត្រូវព្រាត់ស្លាប់ ឬ ព្រាត់រស់ ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវបានគេយកទៅសម្លាប់ប៉ុណ្ណោះ ពោលគឺជីវិតមានតែក្តីអស់សង្ឃឹម និងភាពភ័យរន្ធត់គ្រប់ពេលវេលា។ ដូច្នេះត្រូវតែចងចាំគ្មានថ្ងៃបំភ្លេចនឹងត្រូវផ្សព្វផ្សាយដល់មនុស្សជំនាន់ក្រោយឱ្យបានយល់ដឹងកុំឱ្យរបបព្រៃផ្សៃនេះវិលត្រឡប់មកលើសង្គមជាតិយើងជាលើកទី២ទៀត ឱ្យសោះ។

លោកស្រី រស់ សុភារ៉ាវី ប្រធានមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានលើកឡើងថា រូបសំណាកស្ត្រីអង្គុយឱបកូនក្នុងស្ថានភាពភ័យរន្ធត់ និងអស់សង្ឃឹមក្នុងឆាកជីវិត ធ្វើឡើងអំពីស្ពាន់មានកម្ពស់ ២ម៉ែត្រ មានខឿនពីរថ្នាក់កម្ពស់ ១,២២ម៉ែត្រ ថ្នាក់ទី១ កំពស់១,៨៦ម៉ែត្រ បណ្ដោយ៤,២០ម៉ែត្រ កំរាលផ្ទៃខាងលើ ៩ម៉ែត្រការ៉េ និងស៊ុបូកថ្មលាងពណ៌ប្រផេះបិតម៉ាបពណ៌ខ្មៅនៅជញ្ជាំងទាំងបួនទិស ដោយមានចារិកអក្សរជាភាសាខ្មែរ និងអង់គ្លេសដែលមានខ្លឹមសារ ស្ដីពីការចងចាំគ្មានថ្ងៃភ្លេចនូវរបបកម្ពុជាប្រជាធិបតេយ្យ ១៧ខែ ០៤ឆ្នាំ ១៩៧៥ ថ្ងៃ០៦ខែ ០១ឆ្នាំ ១៩៧៩។ ថ្នាក់ទី២ កម្ពស់០,៣៦០ម៉ែត្រ បណ្ដោយ ៤,២ម៉ែត្រ ផ្ទៃកម្រាលថ្មម៉ាបពណ៌ប្រផេះខ្មៅ។ រូបសំណាកនេះមានកម្ពស់សរុប ៣,២២ម៉ែត្រ និងបានប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន ០៦ខែ៕