(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងដាក់ឲ្យដំណើរការប្រព័ន្ធ ផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ (អនឡាញ) លើកដំបូង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ នេះបើតាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ។

ការដាក់ដំណើរការនេះ ដើម្បីបង្កលក្ខណៈងាយស្រួល ឲ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលបានប្រើប្រាស់ឯកសារ ចុះឈ្មោះបោះឆ្នោត ដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (អ.ខ) ប្រភេទ១ និងប្រភេទ២ អស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការ ចុះឈ្មោះ បោះឆ្នោត (ឯ.អ) បានផ្លាស់ប្តូរឯកសារ ចុះឈ្មោះបោះឆ្នោតរបស់ខ្លួនគ្រប់ៗគ្នា សំដៅធ្វើឲ្យបញ្ជីបោះឆ្នោតកាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។

គ.ជ.ប បានគូសបញ្ជាក់ថា ប្រព័ន្ធផ្លាស់ប្តូរឯកសារនេះ នឹងដំណើរការតាមគេហទំព័រ voterlist.nec.gov.kh ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

អ្នកមានឈ្មោះ និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីមានឈីប (Chip) ដូចគ្នាទៅនឹងឈ្មោះ និងទិន្នន័យក្នុង បញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ អាចស្នើសុំផ្លាស់ប្តូរ អ.ខ ប្រភេទថ្មីរបស់ខ្លួនតាមអនឡាញ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

អ្នកមានឈ្មោះ ឬ/និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីមានឈីប (Chip) ខុសគ្នាទៅនឹងឈ្មោះ ឬ/និង ទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ត្រូវទៅជួបជាមួយ ក្រុមចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ដើម្បីស្នើសុំកែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត ឲ្យដូចគ្នាទៅនឹងឈ្មោះ ឬ/និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីរបស់ខ្លួន ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ គ.ជ.ប៖