(ក្រចេះ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាល សេចក្តីណែនាំ ស្ដីពីបែបបទ និងនីតិវិធី នៃការផ្ដល់សេវា រដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក នៅខេត្តក្រចេះ រយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២០ ដែលសិក្ខាកាមអញ្ជើញចូលរួម ចំនួន៥ខេត្ត រួមមាន៖ ខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង និងកំពង់ធំ សរុបប្រមាណជាង១៥០នាក់។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាការដឹកនាំ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការ ចូលរួមពីលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងលោក គង់ គឹមនី អភិបាលរងខេត្ត។

លោក សួន រចនា បានគូសបញ្ជាក់ថា នេះគឺជាឱកាសឲ្យមានការពីភាក្សា និងពិគ្រោះយោបល់ក្នុងចំណោមតួអង្គពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឈានទៅផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព គុណភាពភាព ជាតំណាង គណនេយ្យភាព និងតម្លាភាពស្របតាមការប្ដេជ្ញា របស់រាជរដ្ឋាភិបាល អាណត្តិទី៦នេះ បន្តជំរុញការងារកំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការ ដែលជាស្នូលនៃកំណែទម្រង់អភិបាលកិច្ច។

ទន្ទឹមនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល បានកំពុង រៀបចំកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) បន្តទៀត ដើម្បីពង្រឹងនិងពង្រីកការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដូចបានកំណត់ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើង ក្នុងគោលបំណងរួមចំណែកសម្រេចឲ្យបាន គោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០។

លោកបន្តថា កម្មវិធីជាតិនៃគ្រោងនឹងផ្ដោតលើការ ពង្រឹងស្ថាប័នរដ្ឋថ្នាក់ក្រោមជាតិ ឲ្យមានលក្ខណៈកាន់តែឆ្លើយតបកាន់តែរឹងមាំ និងកាន់តែមានសមត្ថភាពថែមទៀត តាមរយៈការកែលម្អរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការជំរុញ និងការលើកកម្ពស់ការផ្ទេរមុខងារការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស និងការធ្វើវិមជ្ឈការហិរញ្ញវត្ថុឲ្យកាន់តែប្រសើរឡើង។

លោកថា ប្រធានបទដែលនឹងត្រូវលើកយកមកផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងគណៈ កម្មាការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដោយមានកិច្ចសហការពី.គ.ជ.អ.ប និងមន្ត្រីជំនាញ នៃក្រុមការងារ បច្ចេកទេសអន្តរក្រសួង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដើម្បីផ្ដល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាព គុណភាពការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន។

តាមរយៈសិក្ខាសាលានេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការធ្វើបទបង្ហាញ ដោយក្រុមការងារបច្ចេកទេសមុខងារ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ស្ដីពី៖

* បែបបទនៃនីតិវិធី នៃការផ្ដល់សេវារដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក នៅរដ្ឋបាលរាជធានីខេត្ត
* ការចុះបញ្ជីនាវា
* ការវាស់វែង និងការគណនា
* ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនទឹក
* ការធ្វើនាវាចរណ៍ ប្រកបដោយសុវត្ថិភាពតាមផ្លូវទន្លេ
* ការចុះអនុវត្តជាក់ស្ដែង៖ ការវាស់វែង និងការគណនាចំណុះផ្ទុកនាវា នៅកំពង់ផែផ្សារក្រោម និងការពិភាក្សាសំណួរចម្លើយផងដែរ៕