(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹង ស្តីពីការរឹតបន្ដឹងការចេញលិខិតឱ្យយានយន្តធ្វើអាជីវកម្ម ដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ។

មន្ទីរសាធារណការខេត្តព្រះវិហារ បានជូនដំណឹងដល់ម្ចាស់សាខាក្រុមហ៊ុន ដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ និងប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តទាំងអស់ នៅតាមបណ្ដាក្រុង ស្រុក ក្នុង ភូមិសាស្ត្រខេត្តព្រះវិហារ ឲ្យបានជ្រាបថា ក្នុងគោលបំណងដើម្បីពង្រឹងការងារពាក់ព័ន្ធនឹងការចេញលិខិតអនុញ្ញាតឱ្យ យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស និងចូលរួមការពារសុវត្ថិភាពចរាចរណ៍ ព្រមទាំងថែរក្សាសណ្ដាប់ធ្នាប់ តាមដងផ្លូវសាធារណៈ មន្ទីរពិនិត្យឃើញថា ការអនុវត្តចំពោះការបិទសញ្ញា សម្គាល់ទៅលើយានយន្តដែលធ្វើអាជីវកម្មដឹកជញ្ជូននៅមិនទាន់បានល្អនៅឡើយ ហេតុនេះមន្ទីរសូមធ្វើការណែនាំ ក្រើនរំលឹកដល់ម្ចាស់សាខាក្រុមហ៊ុនដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ និងម្ចាស់យានយន្តទាំងអស់ ត្រូវធ្វើការរៀបចំបិទសញ្ញាសម្គាល់សម្រាប់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរទាំងអស់ ដូចខាងក្រោម៖

* ទី១៖ ចំពោះយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ដែលមិនមានសញ្ញាសម្គាល់ ឬមានសញ្ញាសម្គាល់ មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ គឺតម្រូវឱ្យម្ចាស់យានយន្ត ឬតំណាងស្របច្បាប់ត្រូវយកយានយន្ត នោះទៅធ្វើការរៀបចំ និងបិទសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវតាមស្ដង់ដារកំណត់ (សូមភ្ជាប់ជូននូវឧបសម្ព័ន្ធ នៃប្រកាស លេខ ០៣៨ ប្រក.សក មកជាមួយ)។

* ទី២៖ ក្នុងករណីដែលម្ចាស់យានយន្តមិនអនុវត្តទៅតាមការណែនាំខាងលើ ក្នុងការបិទសញ្ញាសម្គាល់ដែលបាន កំណត់នោះ គឺមិនត្រូវបានអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនឡើយ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា រាល់ម្ចាស់សាខាក្រុមហ៊ុនដឹកជញ្ជូន ទំនិញ ឬអ្នកដំណើរ ប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តទាំងអស់ ចូលរួមសហការ និងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕