(កំពត)៖ ខេត្តកំពតបានបង្កើតកំណត់ត្រាថ្មីមួយដល់គម្រោងជ្រើសរើសអ្នកឯកទេសដីធ្លីប្រចាំតំបន់របស់ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ដោយមានអ្នកចូលរួមរហូតដល់ទៅជិត ៦០០នាក់ និងមានអ្នកចុះឈ្មោះក្លាយខ្លួនជាអ្នកឯកទេសដីធ្លីច្រើនជាងខេត្តផ្សេងៗ។

ក្រុមហ៊ុន Century 21 Zillion Holding កាលពីថ្ងៃអាទិត្យទី ២៣ ខែ សីហាបានរៀបចំវគ្គបណ្តុះភាពជោគជ័យ ៣៨០០នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តកំពតនិងខេត្តកែប ដើម្បីផ្សព្វផ្សាយពីឱកាសការងារ និងវិនិយោគក្នុងវិស័យអចលនទ្រព្យនៅខេត្តទាំងពីរនេះ។ ក្រុមហ៊ុនបានរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះនៅខេត្ត៥ រួចទៅហើយ ហើយមានអ្នកចូលរួមតិចជាងនេះ។

លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Cambodia (ជាក្រុមហ៊ុនមេរបស់ Century 21 Zillion Holding) បានលើកឡើងថាវត្តមានដ៏ច្រើនកុះករពីសំណាក់អ្នកចូលរួមនៅខេត្តកំពត និងខេត្តកែបបានឆ្លើយតបនឹងបេសកកម្មដ៏ធំមួយរបស់ក្រុមហ៊ុនក្នុងការជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបញ្ជាក់ថា ស្របពេលដែលក្រុមហ៊ុនកំពុងស្វែងរកអ្នកឯកទេសដីធ្លីប្រចាំតំបន់ ៣៨០០នាក់ដើម្បីប្រចាំការនៅគ្រប់ ១៤ខណ្ឌនៅភ្នំពេញ និង ២៤ ខេត្តនៅទូទាំងប្រទេស ក្រុមហ៊ុនក៏បានអញ្ជើញគ្រូបង្វឹកកម្រិតជាតិ និងអន្តរជាតិ ១៥ រូបដើម្បីត្រៀមបណ្តុះបណ្តាលអ្នកចូលរួមបេសកកម្មនេះឲ្យក្លាយជាអ្នកឯកទេសពិតប្រាកដ។

លោកថ្លែងថា៖«ពេលទទួលបានការបណ្តុះបណ្តាលពីគ្រូបង្វឹកជំនាញទាំងជនជាតិខ្មែរ និងបរទេសទាំង១៥រូប ខ្ញុំគិតថាបងប្អូននឹងមានចំណេះដឹងច្រើនណាស់ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ....ហើយចំណេះដឹងក្នុងវិស័យនេះសំខាន់ណាស់ នៅពេលរៀនចប់គឺចាប់ផ្តើមអនុវត្តជាក់ស្តែងតែម្តង»

វគ្គបណ្តុះភាពជោគជ័យ៣៨០០នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តកំពត និងខេត្តកែប មានការចែករំលែកពីវាគ្មិនជំនាញ ៦រូបរួមមានលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ និងជាស្ថាបនិកក្រុមហ៊ុន KSH អ្នកស្រី ចន្ទី ទិវា អគ្គនាយិការប្រតិបត្តិក្រុមហ៊ុន Century 21 Advanced Property លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ
លោក ព្រាប កុល អគ្គរដ្ឋទូតសន្តិភាព និងជាគ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding និងលោក មាស ឌីម ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពត។ កម្មវិធីនេះ ក៏បានការចូលរួមជាកិត្តិយសពីលោក វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្ត ដែលជាតំណាងឯកឧត្តមអភិបាលខេត្តកំពតផងដែរ។

វាគ្មិនទាំងអស់បានចែករំលែកចំណេះដឹងថ្មីៗលើប្រធានបទផ្សេងៗគ្នាជាច្រើនរួមមានការចែករំលែកពីបទពិសោធដើម្បីជោគជ័យក្នុងអាជីពក្នុងវិស័យអចលនទ្រព្យ គន្លឹះនៃភាពជោគជ័យក្នុងជីវិត ការងារ និងអាជីវកម្ម និងជំនាញអភិវឌ្ឍន៍ខ្លួនជាដើម។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា CVEA មានសមាជិក ១២០ ក្រុមហ៊ុន ដែលចម្រុះដោយក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ក្រុមហ៊ុនវាយតម្លៃផ្នែកអចលនវត្ថុ និងក្រុមហ៊ុនមានជំនាញគ្រប់គ្រងអគារធំៗ។

លោកបញ្ជាក់ថា បេសកកម្មរបស់ក្រុមហ៊ុន Century 21 Zillion Holding ក្នុងការជ្រើសរើសអ្នកឯកទេសដីធ្លី ៣៨០០នាក់ ពិតជាឆ្លើយតបនឹងយុទ្ធសាស្រ្តសមាគមទាក់ទងនឹងការបង្កើនធនធានមនុស្សក្នុងវិស័យអចលនទ្រព្យ។
លោកថ្លែងថា « វិស័យអចលនទ្រព្យមានការរីកចម្រើនខ្លាំង ហើយវិស័យនេះនៅត្រូវការធនធានមនុស្សជាអ្នកឯកទេសពិតប្រាកដជាច្រើនទឿត ដែលយ៉ាងហោចណាស់ក៏ 1 ម៉ឺននាក់ទៀតដែរ»

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះដែរ លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្ត និងជាតំណាងលោក ជាវ តាយអភិបាលខេត្តកំពត បានលើកឡើងថា បេសកកម្មរបស់ក្រុមហ៊ុនក្នុងការជ្រើសរើស និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ធ្វើការក្នុងវិស័យដីធ្លី នឹងរួមចំណែកបង្កើនតម្លៃទីផ្សារដីធ្លីក្នុងខេត្តកំពតឱ្យកាន់តែល្អប្រសើរថែមទៀត។

លោកថ្លែងថា «ទីផ្សារដីធ្លីនៅខេត្តកំពតមិនទាន់ហក់ខ្លាំងនៅឡើយទេបើធៀបនឹងខេត្តព្រះសីហនុ និងខេត្តកែប....នេះជាឱកាសសម្រាប់អ្នកចូលរួម ព្រោះក្រុមហ៊ុនមានចក្ខុវិស័យច្បាស់លាស់។ ម្យ៉ាងវិញទៀត ជំនាញក្នុងទីផ្សារដីធ្លីជាមុខរបរក្នុងការជួយកសាងឆ្ពោះទៅរកភាពមានបាន»

ក្រុមហ៊ុន Century 21 Zillion Holding បានរៀបចំវគ្គបណ្តុះភាពជោគជ័យ៣៨០០ នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់នេះដោយជោគជ័យរួចហើយនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និង ខេត្តកំពង់ធំ។ គ្រប់បណ្តាខេត្តទាំងនេះសុទ្ធតែទទួលបានអ្នកចូលរួមលើសពីការរំពឹងទុក។

ក្រុមហ៊ុននឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ នៅគ្រប់បណ្តាខេត្តទាំងអស់ដើម្បីបង្កើតឱកាសការងារ និងវិនិយោគដល់បងប្អូននៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ទិសដៅបន្ទាប់ ក្រុមហ៊ុននឹងជូនដំណឹងជាមុន តាមបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ដែលជាដៃគូសហការផ្នៃកផ្សព្វផ្សាយ៕