(កំពង់ធំ)៖ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងទាំងអស់ សុំកុំបោសចោលសំរាមពាសវាលពាសកាល នៅតាមទីកន្លែងផ្សេងៗ ដែលជាកត្តាដ៏គ្រោះថ្នាក់ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជាពិសេសធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វជាដើម។

ការអំពាវនាវបែបនេះរបស់លោក ម៉ាក់ ប៊ុនហុង បានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងអាងសំរាម និងត្រួតពិនិត្យមើលដំណើរការ ជួសជុលផ្លូវ ប្រវែងជាង២,០០០ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងសម្រាប់រថយន្តដឹកសំរាមទៅកាន់ទីតាំងអាងស្តុកសំរាម ដើម្បីសម្រួលដល់ការដឹកជញ្ជូនសំរាមឱ្យកាន់តែមានភាពប្រសើរឡើងនៅរដូវវស្សានេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលក្រុង បានបន្តថា កិច្ចការនេះគឺជារឿងចាំបាច់បំផុតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដែលមកសម្រាក ស្នាក់នៅក្នុងក្រុងផងដែរ។ ម្យ៉ាងទៀត ក៏ជាផ្នែកមួយនៃការផ្លាស់ប្តូរទម្លាប់នៃការទុកដាក់សំរាមឱ្យបានត្រឹមត្រូវរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងជាសារដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលធ្វើដំណើរឆ្លងកាត់ឱ្យចូលរួមវេចខ្ចប់សំរាម និងធ្វើការបោះចោលនៅក្នុងធុងសំរាមដែលមានដាក់នៅតាមទីសាធារណៈ និងក្នុងភោជនីយដ្ឋានផងដែរ។

លោកអភិបាលក្រុងបានបញ្ជាក់ថា ដើម្បីឱ្យដំណើរនៃការប្រមូលសំរាមនៅតាមផ្លូវតូចៗក្នុងក្រុងឱ្យកាន់តែមានប្រសិទ្ធភាពក្នុងនាមរដ្ឋបាលក្រុងបានធ្វើការប្រជុំជាមួយភាគីក្រុមហ៊ុន «ឆាង សារ៉ាត់» និងក្រុមហ៊ុន «ហ្គាអ៊ីយ៉ា» រួចហើយ ព្រមទាំងបានដាក់ចេញនូវគោលការណ៍ជាលាយលក្ខណ៍អក្សរផងដែរ៕