(កំពង់ធំ)៖ លោក ឯម គឹមស្រៀង ប្រធាននាយកដ្ឋានរៀបចំដែនដីលំនៅដ្ឋាន និងប្រជាសាស្រ្តនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ប្រាសាទសំបូរព្រៃគុក ចូលរួមការប្រើប្រាស់ដីធ្លី និងការគ្រប់គ្រងសំណង់ដើម្បីផលប្រយោជន៍ជាតិ។

លោកបានថ្លែងយ៉ាងដូច្នេះនៅក្នុងវេទិកា ស្តីពីបើកការដ្ឋានសាងសង់ផ្លូវលំក្រាលគ្រួសក្រហមរបស់គម្រោងមូលនិធិឃុំ និងការប្រើប្រាស់ដីធ្លី និងការគ្រប់គ្រងសំណង់នៃតំបន់រមណីយដ្ឋានប្រាសាទ សំបូរព្រៃគុក ដែលរៀបចំដោយនាយកដ្ឋានរៀបចំដែនដីលំនៅដ្ឋាន និងប្រជាសាស្រ្តនៃអាជ្ញាធរជាតិសំបូរព្រៃគុក សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នៅភូមិអាត់ស៊ូ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ឯម គឹមស្រៀង បានបន្តថា ការប្រើប្រាស់ដីធ្លី និងការគ្រប់គ្រងលំនៅដ្ឋានសំណង់សាធារណៈ និងសំណង់ផ្សេង នៅក្នុងតំបន់ការពាររមណីយដ្ឋានសំបូរព្រៃគុក ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលរស់នៅក្នុងតំបន់នោះ បានដឹងនិងយល់ពីបទដ្ឋានគតិយុត្តនានា ក្នុងការរៀបចំដែនដី និងគ្រប់គ្រងសំណង់ នៅក្នុងដែនរមណីយដ្ឋាន។

លោកបានបន្ថែមថា អាជ្ញាធរជាតិសំបូរព្រៃគុកមានភារកិច្ចការពារអភិរក្ស និងថែរក្សាស្លាកស្នាមរចនាសម្ព័ន្ធដែនដីក្រុងបុរាណប្រាសាទទំនៀមទម្លាប់ប្រពៃណី បែបបទនៃការរស់នៅរបស់ប្រជាជន និងទម្រង់សំណង់ផ្សេងៗ នៅក្នុងតំបន់ការពាររមណីយដ្ឋានសំបូរព្រៃគុកឲ្យបានគង់វង្ស ហើយការការពារនិងអភិវឌ្ឍន៍ ក្នុងដែនការពាររមណីយដ្ឋានសំបូរព្រៃគុក គឺធ្វើយ៉ាងណា ផ្អែកសំខាន់បីមានមនុស្ស មរតកវប្បធម៌ និងធម្មជាតិនូវសុខដុមរម្យនា និងតុល្យភាពគ្នា ដើម្បីមានការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះដែរ លោកបានលើកឡើងថា ភូមិដែលស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកមាន១៣ភូមិ គឺឃុំសំបូរមាន ភូមិសំបូរ ភូមិកំពង់ឈើទាល ភូមិសំរិត ភូមិអូគ្រូកែ ភូមិអាត់ស៊ូ ភូមិពោទ្រេត ភូមិ ជាយសំពៅ ភូមិតាធាវ ឃុំជ័យ មានភូមិជ័យ ឃុំតាំងក្រសៅ មានភូមិកំពង់ឈើទាល ដោយឡែក ឃុំសាលាវិស័យ មានភូមិដងអន្ទាក់ ភូមិចំណារ និងបុសស្រមោច។

គួរបញ្ជាក់ថា ប្រាសាទសម្បូរព្រៃគុកជាប្រាសាទរបស់ខ្មែរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញថ្ងៃទី៨ ខែ កក្កដា ២០១៧។ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។

ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះថាឥសានបុរៈ ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនាឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម។ ចំណែកបើកការដ្ឋានសាងសង់ផ្លូវលំក្រាលគ្រួសក្រហមរបស់គម្រោងមូលនិធិឃុំមានប្រវែង ៤០០០ម៉ែត្រ ទទឹង៥ ម៉ែត្រ
ដោយអនុវត្តរយៈពេលពីរខែចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ខែតុលា ឆ្នាំ២០២០៕