(ស្វាយរៀង)៖ ដើម្បីអបអរសាទរថ្ងៃឈប់សម្រាក សងថ្ងៃចូលឆ្នាំលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុក បានអញ្ជេីញបេីកការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់របស់លោក ហង្ស វិចិត្រ ប្រធានក្រុមការងារចុះជួយឃុំស្វាយយា។

ពិធីនេះបានប្រព្រឹត្តិនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ដែលមានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារ យុវជនឃុំ ស្រុក និងប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ។

លោក ហែម សារិទ្ធ បានថ្លែងថា ការរៀបចំឱ្យមានប្រគួតបាល់ទាត់រយៈពេល២ថ្ងៃនេះ គឺដើម្បីអបអរសាទរសម្រាប់ឈប់សម្រាក និងការរឹតចំណងមិត្តភាព សាមគ្គីភាព រវាងយុវជន និងយុវជន រួមទាំងមហាជននៅមូលដ្ឋានឱ្យមានភាពសប្បាយរីករាយ។

លោកអភិបាលស្រុក បានបន្តថា ដោយបច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលេីគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ទីក្រុងរហូតជនបទទាំងនេះ គឺជាផ្លែផ្កាដែលកេីតចេញសុខសន្តិភាព។

ជាម ួយគ្នានេះដែរលោក ហែម សារិទ្ធ បានសូមអំពាវនាវដល់កីឡាករ និងអ្នកទស្សនាទាំងអស់ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ បើកបរត្រូវមានការប្រុងប្រយ័ត្នយល់អធ្យាស្រ័យ ពាក់មួកសុវត្ថិភាពជាប្រចាំក្នុងពេលធ្វើដំណើរ កុំវាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើស្រវឹងកុំបើកបរ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនជាដាច់ខាត ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ខ្លួនឯង ដែលកំពុងស្ថិតក្នុងវ័យសិក្សា ប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ៕