(ភ្នំពេញ)៖ ក្រុមហ៊ុនគ្រប់គ្រងសិល្បករ សិល្បការនីល្បីៗក្នុងបណ្តាញសង្គមដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្នាបានស្គាល់ថា ជាក្រុមហ៊ុនគ្រប់គ្រងតារាបណ្តាញសង្គម (Influencer) នោះគឺ ៨៨ ខមម្ញូនីខេសិន (88Communication) បានផ្លាស់ប្តូររូបរាងថ្មីទៅជា ៨ធីនខមម្ញូនីខេសិន (8TEEN Communication) ដើម្បីអបអរសាទរខួបលើកទី២ នៃការដំណើរការក្រុមហ៊ុនរបស់ខ្លួន។

បើតាមការឲ្យដឹងពី កញ្ញា យក់ ឆេងលាង ហៅ Pzee ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន 8TEEN Communication បានឲ្យដឹងថា ក្រុមហ៊ុន Influencer Marketing ដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជាមួយនេះ កំពុងពង្រីកខ្លួនបន្ថែមទៀត ជាមួយនឹងសក្តានុពលរបស់ខ្លួន ដោយមានសេវាកម្មថ្មីៗ បន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងអ្នកគាំទ្រ ព្រោះតែតម្រូវការទីផ្សារឌីជីថលបែបថ្មី Influencer Marketing កំពុងតែមានសន្ទុះកាន់តែ ខ្លាំងឡើង នាពេលបច្ចុប្បន្ន បើធៀបទៅកាលពី៣ឆ្នាំមុន ស្របពេលដែលក្រុមហ៊ុនធំៗជាច្រើនជាពិសេស ក្រុមហ៊ុនម៉ាកយីហោល្បីៗលំដាប់អន្តរជាតិជាច្រើន កំពុងបើកដំណើរការនៅកម្ពុជា។

នាយកប្រតិបត្តិ នៃក្រុមហ៊ុនរូបនេះបានរៀបរាប់ថា «មូលហេតុដែលយើងធ្វើការផ្លាស់រូបរាងរបស់ក្រុមហ៊ុន គឺដោយសារ 8TEEN Communication បានបន្ថែមនូវសេវាកម្មមួយចំនួនបន្ថែមទៀត ដើម្បីបំពេញតំរូវការអតិថិជន និងផ្តល់ជូនអ្វីដែលពិសេសពីសិល្បករ របស់យើងទៅកាន់អ្នកគាំទ្រ។ សេវាកម្មផ្សេងៗទាំងនោះរបស់ក្រុមហ៊ុន រួមមានការបង្កើតយុទ្ធសាស្រ្តបែបឌីជីថលថ្មី (Influencer Marketing & Digital Marketing) ផលិតកម្មវីដេអូ បែប ផ្សព្វផ្សាយ (Media Production) រចនាក្រាហ្វិក (Animation & Graphic Design) និងការបង្កើតមាតិកាច្នៃប្រឌិត (Content Creation) ឲ្យកាន់តែឈានទៅមុខមួយកម្រិតទៀត ជាមួយនឹងការសម្រេចនូវគម្រោងជាច្រើនរវាងដៃគូទាំងក្នុង និងក្រៅស្រុក»។

កញ្ញា ឆេងលាង បានបន្ថែមថា «នៅក្នុងឆ្នាំថ្មី២០២០នេះ គឺជាឆ្នាំមួយពិសេសសម្រាប់ក្រុមហ៊ុនយើងផ្ទាល់ ដែលបាន បង្ហាញខ្លួនជាសាធារណៈជាថ្មីម្តងទៀត ក្នុងឈ្មោះ និងរូបរាងថ្មីជាមួយការកែប្រែប្រព័ន្ធ ដំណើរការឲ្យកាន់តែរលូន ជាងមុនទៅទៀត។ 8TEEN Communication នឹងពង្រីកនូវសក្តានុពល របស់ខ្លួន ពិសេសទៅលើការតម្លើងនូវ បរិក្ខាទំនើបៗជាច្រើន ដែលមានសមត្ថភាពក្នុងការផលិតនូវសមិទ្ធផលខ្នាតធំៗ បានហើយក្នុងនោះផងដែរ យើងក៏ចង់ឲ្យសាធារណជនទាំងអស់ ទន្ទឹងរង់ចាំមើលអ្វីដែលថ្មីហើយប្លែក ដែលនាំមក ជូនដោយ 8TEEN Communication»។

កញ្ញាបានបន្ថែមទៀតថា ការផ្លាស់ប្តូរមួយនេះ កញ្ញានឹងមិនធ្វើឲ្យអតិថិជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួនខកបំណង ឡើយ 8TEEN Communication នឹងពាំនាំនូវអ្វីដែលថ្មី និងប្លែកទៅកាន់អ្នកគាំទ្រ និងអតិថិជនរបស់ខ្លួនតាមរយៈតួ ប្រចាំរបស់ខ្លួន។

គួរបញ្ជាក់ ថា 8TEEN Communication បានបង្ហាញខ្លួនជាលើកដំបូងក្រោមឈ្មោះ «88 Communication» នៅក្នុងឆ្នាំ២០១៨ ដែលមានសិល្បករចំនួន៨រូបតែប៉ុណ្ណោះ។ 8TEEN Communication គឺជាក្រុមហ៊ុនគ្រប់គ្រងតារា បណ្តាញសង្គមដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានមាតិកាបែបច្នៃប្រឌិត និងមានការបង្កើតយុទ្ធសាស្ត្រ បែបឌីជីថលឲ្យសមស្របជាមួយតម្រូវការទីផ្សារបច្ចុប្បន្ន។

តារាចម្រៀងមិនថតចម្លងកញ្ញា ចិត្ត កញ្ចនា បានប្រាប់ថា កញ្ញាបានត្រៀមរួចរាល់ហើយក្នុងការបង្ហាញ ស្នាដៃថ្មីជាមួយ នឹងរសជាតិថ្មីដែលអ្នកគាំទ្រមិនធ្លាប់ឃើញពី មុនមក។ កញ្ញានឹងមិនធ្វើឲ្យអ្នកគាំទ្រទាំងអស់រស់ចាំទាំងខកបំណង ឡើយនូវអាល់ប៊ុមអារម្មណ៍របស់នាង។

តារាបណ្តាញសង្គមដែលមានជំនាញថតរូបដល់ចំណាន ព្រមទាំងជារៀមច្បងក្នុង 8TEEN Communication លោកឆេកគី បាននិយាយថា ក្នុងនាមជារៀមច្បងមួយរូប លោកនឹងធ្វើជាគំរូដ៏ល្អដល់ប្អូនជំនាន់ក្រោយ មិនត្រឹមតែ ប៉ុណ្ណោះលោកបានប្រាប់ថា លោកនឹងមាន មាតិកាថ្មីៗសម្រាប់អ្នកគាំទ្ររបស់លោកផងដែរ។

តារាបណ្តាញសង្គមចំណូលថ្មីរបស់ 8TEEN Communication លោកខេវិន និងកញ្ញា ស៊ូ បញ្ញា បានប្រាប់ថាពួកគេ នឹង ខិត ខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្រ ព្រមទាំងនឹងមិនធ្វើឲ្យរៀមច្បងក្រោមដំបូលតែមួយខកបំណង ឡើយ។