(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថា ករណីព្រះសង្ឃ២៨អង្គ នៅវត្តនាងខ្មៅ ស្ថិតក្នុងភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ គឺគ្រាន់តែមានជំងឺផ្ដាសាយឆ្លងតគ្នាប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គម កុំមានការភ្ញាក់ផ្អើល។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងព្រះសង្ឃ២៨អង្គ នៅវត្តនាងខ្មៅខាងលើនេះ លោកស្នងការរ ងផែនការងារសន្ដិសុខខេត្តតាកែវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះដល់ទីតាំងវត្តនោះ ដោយលទ្ធផលពិនិត្យឃើញថា៖

* ព្រះសង្ឃមានជំងឺផ្ដាសាយ សរុប ចំនួន ២៨អង្គ អាជ្ញាធរស្នើសុំឲ្យគង់នៅក្នុងគុដិដោយឡែក និងពួកគាត់ត្រៀមខ្លួនសហការ តាមជំនាញរបស់សុខាភិបាល។

* អាជ្ញាធរចុះដល់ទីតាំងរួមមាន៖ លោកស្នងការរងផែនសន្តិសុខ អភិបាលរងស្រុកសំរោង ប្រធានមន្ទីរពេទ្យបង្អែកស្រុក និងមេឃុំ។

* ដំណើររឿងគឺ ព្រះចៅអធិការវត្ត និងព្រះសង្ឃផ្សេងទៀត មានអាការៈផ្ដាសាយ ហើយទៅព្យាបាលនៅផ្ទះគ្រូពេទ្យជាប់វត្ត ដែលជាគ្រូពេទ្យប្រចាំ ជាបន្តបន្ទាប់ ហើយគ្រូពេទ្យមិនយកថវិកា ទើបចៅអធិការវត្ត បង្ហោះសារក្នុងបណ្ដាញសង្គម ថ្លែងអំណរគុណដល់គ្រូពេទ្យ ហើយប្រជាពលរដ្ឋក៏យកព័ត៌មានដែលចៅអធិការវត្តបង្ហោះនោះ ផ្សព្វផ្សាយបន្តគ្នា ធ្វើឲ្យមានភាពភ្ញាក់ផ្អើល រហូតមានការទំនាក់ទំនង ចូលទៅលេខ ១១៥ សុំអន្តរាគមន៍ ចុះពិនិត្យតែម្តង។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៥១នាក់ (ស្រី៥២នាក់ និងបុរស១៩៩នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប២២នាក់៕