(ភ្នំពេញ)៖ ខណៈដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែរីករាយក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ហើយក៏ជាហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីត-១៩ ចូលក្នុងសហគមន៍ផងដែរនោះ ក្រុមប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងដោយបានការសម្របសម្រួលពីសាលារាជធានីភ្នំពេញ បន្តចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ នៅតាមបណ្តាផ្សារសាធារណៈ និងទីប្រជុំជន ស្ទើតែទាំងអស់ក្នុងរាជធានីភ្នំពេញ។

តាមរបាយការណ៍របស់៧១១ ទីតាំងផ្សារសំខាន់ៗរហូតទៅដល់២៥កន្លែងក្នុងនោះមានដូចជាផ្សារធំថ្មី ផ្សារអូឫស្សី ផ្សារអូឡាំពិក ផ្សាទូលទំពូង និងផ្សារសហគមន៍សាធារណៈផ្សេងៗជាច្រើនទៀត នឹងត្រូវបានចុះយុទ្ធនាការបាញ់ថ្នាំ ដែលធ្វើឡើង ចាប់ពីម៉ោង៥៖០០ល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នេះតទៅ។ ក្រុមការងារបានកំណត់គោលដៅទីតាំងផ្សារទាំងនោះសុទ្ធសឹងតែមមាញឹកទៅដោយអាជីវករ និងប្រជាពលរដ្ឋចម្រុះ រួមទាំងជនជាតិបរទេសផងដែរ កត្តានេះជាហានិភ័យខ្ពស់បំផុត នៃការចម្លងមេរោគកូវីដ-១៩ចូលក្នុងសហគមន៍។

កាឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ ក៏ជាក្តីកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានក្រើនរំលឹក និងណែនាំជាបន្តបន្ទាប់ ចំពោះហានិភ័យនៃការចម្លង ជំងឺកូវីដ-១៩។ ការដាក់ចេញនូវវិធានការប្រយ័ត្នប្រយែងរបស់ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹកថ្មីមួយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ តម្រួវឱ្យប្រជាពលរដ្ឋប្រកាន់យកការរស់នៅតាមបែបគន្លងថ្មី ដោយចេះកែប្រែទម្លាប់ និងឥរិយាបថប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងនៅតែបន្តការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ គ្រប់ពេលវេលា គ្រប់ទីកន្លែង។

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ ទូទាំងប្រទេស ករីណអ្នករកឃើញវិជ្ជមាន សរុប២៧៣នាក់ ចំនួនអ្នកជាសះស្បើយ២៣៨នាក់ ខណៈ៣៥នាក់កំពុងព្យាបាល។ ករណីអ្នកតើតជំងឺកូវីដ-១៩ ទាំងនេះ ភាគច្រើនបំផុតគឺចម្លងចូលពីក្រៅប្រទេស។

គួររំលឹកជូនថា កងប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការពារជំងឺកូវីដ-១៩ ជាច្រើនកន្លងមកតាមបណ្តាស្ថាប័នទ័ពនិងស៊ីវិល ដូចជា ចុះបាញ់ថ្នាំតាមបណ្តាសាលាហ្វឹកហ្វឺនយោធភូមិភាគ បញ្ជាកាដ្ឋានកងទ័ពជើងគោក អគ្គបញ្ជាការ និងបណ្តាអង្គភាព សាលា និងតាមវរសេនាតូចចំណុះកងពល បានចំនួន៨លើក ចុះបាញ់ថ្នាំតាមបណ្តាខេត្ត ក្រុង ក្រោមការរៀបចំរបស់វេទការសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស)ទីស្តីការគណ:រដ្ឋមន្ត្រី បានចំនួន២លើក និងថ្ងៃនេះក្រុមប្រតិបត្តិការរុរក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ តាមបណ្តាផ្សារ និងទីប្រជុំជនក្នុងរាជធានីភ្នំពេញ ក្រោមការរៀបចំនិងសម្របសម្រួលរបស់សាលាក្រុងរាជធានីភ្នំពេញ៕