(សៀមរាប)៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ មានការជួបជុំគ្នារបស់ក្រុមអ្នកជិះកង់ប្រមាណជា ៧០០នាក់ ដោយចាប់ចេញដំណើរពីទីធ្លាចំណតរថយន្តមុខគ្រឹះស្ថានអង្គរ (អង្គរឃ្យុងយូរ/ផ្លូវ៦០ម៉ែត្រ) នៃក្រុងសៀមរាប ក្នុងនោះមានក្រុមអ្នកចុះឈ្មោះជិះកង់ចម្ងាយ ១៣គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និងក្រុមអ្នកជិះកង់កម្សាន្តធម្មតាផងដែរ។

កម្មវិធីជិះកង់ធ្វើឡើងក្រោមប្រធានបទ «ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា» ដែលជាផ្នែកមួយនៃកម្មវិធីកម្សាន្ត «សម្រាកសៀមរាប» ត្រូវបានរៀបចំដោយអាជ្ញាធរខេត្តសៀមរាប, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, និងសហការដោយអាជ្ញាធរជាតិអប្សរា។

ការជិះកង់លើកទី២នេះ មានការចូលរួមពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី ទាង អេង ទៀសីហា អនុប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប, លោកឧកញ៉ា ទៀ វិចិត្រ និងវត្តមានរបស់ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត មន្ត្រីរាជការ អាជីវករ ប្រតិបត្តិករទេសចរណ៍ យុវជន សិស្សនិស្សិត និងសប្បុរសជនជាច្រើនទៀត។

សូមបញ្ជាក់ថា សកម្មភាពជិះកង់ ដើម្បីមនុស្សធម៌នេះ មាន៣លើក៖ គឺលើកទី១ នៅថ្ងៃទី១៦, លើកទី២ ដែលជាថ្ងៃបើកដំណើការផ្លូវការប្រារព្ធនៅថ្ងៃទី១៨នេះ, និងលើកទី៣ ដែលជាថ្ងៃបញ្ចប់ ធ្វើនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

ក្នុងនោះអ្នកជិះកង់ម្នាក់ៗ ត្រូវបង់ប្រាក់ចំនួន ២៥ដុល្លារអាមេរិក ហើយថវិកាដែលបានមកពីការចុះឈ្មោះ ដោយស័្មគ្រចិត្តរបស់អ្នកជិះកង់ក្នុងកម្មវិធីនេះ ត្រូវបានរាប់បញ្ជូលទៅក្នុងមូលនិធិសប្បុរសធម៌ នៃកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប សម្រាប់ឧបត្ថម្ភជូនដល់មូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ដា និងមន្ទីរពេទ្យកុមារអង្គរ ជាដើម។

អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ដំណើរជិះកង់ទាំង ៣លើកនេះ ជិះចេញពីក្រុងសៀមរាប ចូលទៅក្នុងតំបន់ឧទ្យានអង្គរ ទស្សនាប្រាសាទមួយចំនួន និងបន្តជិះកំសាន្តក្នុងព្រៃធម្មជាតិអង្គរ និងបញ្ចប់នៅព្រះទីលានជល់ដំរី។ កម្មវិធីនេះ ត្រូវបានយកចិត្តទុកដាក់ ដល់ការការពារសុវត្តិភាពអ្នកចូលរួម និងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ប្រឆាំងជំងឺកូវីដ១៩ រួមទាំងបានដាក់ចេញផងដែរនូវក្រមសីលធម៌ ការពារបរិស្ថាន សណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ក្នុងឱកាសទស្សនាប្រាសាទបូរាណ។

កម្មវិធីនេះមានផ្តល់ជូនអ្នកចុះឈ្មោះចូលរួម នូវអាវយឺត អាហារពេលព្រឹកមុនចេញដំណើរ និងមានក្រុមការងារ តាមដានការសុវត្តិភាពជាប់ជាប្រចាំ ក្នុងពេលចូលទស្សនាប្រាសាទ គឺមានមគ្គទេសក៍ទេសចរណ៍ ឧទ្ទេសនាមបង្ហាញពីប្រវត្តិសាស្ត្រ នៃមហាប្រាង្គប្រាសាទ ជូនចំពោះអ្នកជិះកង់ផងដែរ ៕