(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាយ៉ាងម៉ឹងម៉ាត់ពីសំណាក់ឧត្តមសេនីយ៍ទោន ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ចំនួន៣នាក់ជាបន្តបន្ទាប់ ក្រោយបានធ្វើសកម្មភាពចាប់ជម្រិតស្ត្រីជាជនជាតិចិនដូចគ្នា។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

បើយោងតាមរបាយការណ៍ដដែល បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១០ នាវេលាម៉ោង ២៣៖១០នាទី មានប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូកង់បី (PASS APP) បានទូរស័ព្ទប្តឹងរាយការណ៍ថា មាននារីជនជាតិចិនម្នាក់ ភេទស្រី បានបើករថយន្តរបស់គាត់ម៉ាក RANGE ROVER ពណ៌ស មកចតនៅកៀនហាងលក់សំលៀកបំពាក់របស់គាត់ដែលមានស្លាកយីហោ COCO ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ភ្លាមនោះស្រាប់តែមានជនជាតិចិនមួយក្រុមមានគ្នា៤នាក់ បានបើករថយន្ត ១គ្រឿង ម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ មកឈប់ក្បែររថយន្តរបស់នារីជនជាតិចិន ដែលជាថៅកែហាង COCO ហើយក៏មានជនជាតិចិន៣នាក់ បានចុះពីរថយន្តម៉ាកហាយលែនឌ័រ មកចាប់នារីជនជាតិចិននោះ ខ្ទប់មាត់បោះចូលក្នុងរថយន្តរបស់ពួកវា រួចជិះគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍សង្កាត់២ ចុះទៅដល់កន្លែងកើតហេតុ និងត្រួតពិនិត្យមើលកាំមេរ៉ាសុវត្តិភាពឃើញថាពិតជាមានករណីចាប់ខ្លួននារីជនជាតិចិនដែល ជាថៅកែហាងលក់សំលៀកបំពាក់ COCO ចូលទៅក្នុងរថយន្ត ១គ្រឿង ម៉ាកហាយលែនឌ័រ ពិតប្រាកដមែន ទើបកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់វិធានការជំនាញ និងស្ទាក់គ្រប់គោលដៅសំខាន់ៗ ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់។

បើតាមរបាយការណ៍ បានឲ្យដឹងថា រហូតដល់វេលាម៉ោង៦៖០០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញរកបានតម្រុយដែលរថយន្តជនសង្ស័យជិះគេចខ្លួនទៅស្រុកស្ទឹងហាវ ទើបធ្វើការរុករករហូតរំដោះបានជនរងគ្រោះដែលត្រូវជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅក្នុងព្រៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រីឯជនសង្ស័យបានរត់គេចខ្លួនអស់។

បន្ទាប់ពីរំដោះជនរងគ្រោះរួចហើយ កម្លាំអជំនាញធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥៖៣០នាទី កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ១នាក់ នៅចំណុចសណ្ឋាគារ និងកាស៊ីណូរ៉ូយ៉ាល់លីហ័រ ស្ថិតនៅក្រុម១៣ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ព្រមទាំងដកហូតបានរថយន្តម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ មានផ្លាកលេខភ្នំពេញ 2K-7388 ដែលក្រុមជនសង្ស័យជិះធ្វើសកម្មភាពចាប់ជម្រិតជនរងគ្រោះ។

បន្ទាប់ពីធ្វើការពីសាកសួរជនសង្ស័យរួចមក កម្លាំងសមត្ថកិច្ចបន្តចាប់ឃាត់ខ្លួនបានជនសង្ស័យ២នាក់បន្ថែមទៀត នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២១៖៣០នាទី នៅចំណុចកែងផ្លូវ LV ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ WU JIAJIA ភេទស្រី អាយុ៤២ឆ្នាំ ជាជនជាតិចិន មុខរបរលក់សំលៀកបំពាក់ ស្នាក់នៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានស្នាមរងបួសដាច់រលាត់ស្បែកបន្តិចបន្តួច (រងរបួសស្រាល)។

ជនសង្ស័យទាំង៣នាក់ រួមមានទី១៖ ឈ្មោះ WANG XIAO ZHANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងលក់អំពូលភ្លើងសូឡា កាន់លិខិតឆ្លងដែនលេខៈ EH7330702 (មិនបានយកតាមខ្លួន) ស្នាក់នៅសណ្ឋាគារកាស៊ីណូ រ៉ូយ៉ាល់លីហ័រ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី២៖ ឈ្មោះ RAN FU CHUAN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងហាងបាយ HUAN LE គ្មានលិខិតឆ្លងដែនលេខជាប់ខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងទី៣៖ ឈ្មោះ JIANG HONG ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកទិញឥវ៉ាន់ហាងបាយ HUAN LE គ្មានលិខិតឆ្លង ដែនលេខជាប់ខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបានរួមមាន៖ រថយន្ត១គ្រឿង ម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2K-7388 (មធ្យោបាយធ្វើសកម្មភាពចាប់ជំរិត)និងក្នុងរថយន្តមានសម្ភារមួយចំនួន, រថយន្ត១គ្រឿង ម៉ាក TUNDRA ពណ៌ស ផ្លាកលេខភ្នំពេញ 2AY-0176, ដំបងដែករលាស់១ដើម, ខ្សែដៃអង្កាំ, ចិញ្ចៀន១វង់, ស៊ីមទូរស័ព្ទដៃ១, នាឡិកាដៃ២ និងបំពង់ប្រើប្រាស់គ្រឿងញៀន១ និងទូរស័ព្ទដៃចំនួន ៧គ្រឿង។

ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕