(កំពង់ស្ពឺ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុម សម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេរួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួល បន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានអញ្ចើញចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រី បុគ្គលិកនៃក្រុមសម្តេចឪដែលកំពុងធ្វើសកម្មភាពអន្តរាគមន៏យ៉ាងសកម្មមមាញឹក ក្នុងការជួយ ភ្ជួររាស់ដីស្រែ ស្រូវរដូវវស្សា ជូនប្រជាកសិករក្រីក្រ នៅក្នុងភូមិស្វាយព្រៃ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្រុមសម្តេចឪ បានចាប់ផ្តើមធ្វើការភ្ជួររាស់ដីស្រែជូនប្រជាកសិករ នៅក្នុងមូលដ្ឋាននេះ បានដំណើរការពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៧ ខែសីហានេះ សម្រេចទទួលបានលទ្ធផលចំនួន ១៣៥ហិកតា។

សកម្មភាពដ៏ប្រពៃរបស់ក្រុមសម្តេចឪ នៅឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាន ប្រព្រឹត្តទៅ បន្ទាប់ពីក្រុមសម្តេចឪ បានជួយភ្ជួររាស់ចប់រួចរាល់ជូនប្រជាកសិករក្រីក្រក្នុង ជំហានទី១ នៅឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត និងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានចំនួន៤១១ហិកតា រួចមកហើយ។

សព្វថ្ងៃនេះ ក្រុមសម្តេចឪ បានបន្តសកម្មភាពជួយភ្ជួររាស់ដីស្រែជូនប្រជាកសិករ នៅជំហានទី២ មានចំនួន៣មូលដ្ឋានថែមទៀត ក្នុងនោះមានការជួយបងប្អូនកសិករនៅ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចំនួន១៣៥ហិកតា, ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចំនួន១០១ហិកតា និងនៅឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានចំនួន៨៣ហិកតា សរុបលទ្ធផលនៃការភ្ជួររាស់របស់ក្រុមសម្តេចឪ នៅក្នុងជំហានទី១ និងជំហានទី២ត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ សម្រេចបានចំនួន៧២០ហិកតា។

លទ្ធផលដ៏ល្អប្រសើរនេះ អាស្រ័យដោយក្រុមសម្តេចឪ បានគោរព ទៅតាមគោល ការណ៏ណែនាំរបស់សម្តេចចៅហ្វាវាំង ប្រធានក្រុមសម្តេចឪដែលសម្តេចចៅហ្វាវាំង តែងតែ ខិតខំយកអស់ពីកម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ អញ្ជើញចុះដល់ទីស្រែរបស់ បងប្អូនកសិករជាបន្តបន្ទាប់ គោរពដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ជានិច្ច ចំពោះ សុខទុក្ខ និងការលំបាក ខ្វះខាត ក្នុងជីវភាពរស់នៅរបស់ប្រជារាស្ត្រទីទ័លក្រ ជាពិសេសនៅក្នុងរដូវបង្កបង្កើនផលជា រៀងរាល់ឆ្នាំ ព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ ប្រោសព្រះរាជទានដល់ក្រុមសម្តេចឪជួយ ភ្ជួររាស់ដីជូនបងប្អូនដែលគ្មាន គោ ក្របី ឬឧបករណ៏សម្រាប់បម្រើអោយការងារអូស ទាញ ដើម្បីបងប្អូនមានលទ្ធភាពបង្កបង្កើនផលបានទាន់ពេលវេលា និងទទួលបានទិន្នផលខ្ពស់។

សម្តេចចៅហ្វាវាំង បានជម្រាបជូនបងប្អូនអំពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងព្រះ រាជហឬទ័យ នឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ពីព្រះករុណា ជាអម្ចាស់ ជីវិតលើត្បួង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនបងប្អូន ប្រជារាស្ត្រ ជាកូនចៅ ចៅទួត ជាទីស្នេហា របស់ព្រះអង្គគ្រប់រូប។

សម្តេចចៅហ្វាវាំង បានជម្រាបជូនបន្តថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គមាន ព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះការងារបង្កបង្កើនផលរបស់កសិករជា កូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងប្រទេស ហេតុនេះហើយព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាង ត្រាស់បង្គាប់សម្តេច ចៅហ្វាវាំង ដឹកនាំក្រុមសម្តេចឪ ធ្វើការភ្ជួររាស់ និងបូមទឹកបញ្ចូលស្រែ ជូនប្រជាកសិករ ក្រីក្រ នៅគ្រប់ រដូវកាល ដើម្បីបងប្អូនមានលទ្ធភាពបង្កបង្កើនផលទាន់ពេលវេលា និងទទួលបាន ភោគផល ច្រើន។

ប្រជារាស្ត្រជាម្ចាស់ស្រែ ជាកូនចៅ ចៅទួត រស់នៅឃុំទ័ពមាន ស្រុកថ្ពង ខេត្ត កំពង់ស្ពឺ ព្រមទាំងកូនចៅ ដែលបានទទួលការប្រោសព្រះរាជទានការភ្ជួររាស់ដីស្រែ តាមរយៈចលនា ដ៏ប្រពៃរបស់ក្រុមសម្តេចឪ នៅឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត, ឃុំត្រពាំងក្រញូង, ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ, និងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ ព្រះរាជទានដ៏ឧត្តុងឧត្តមនេះ និងសូម ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រកបនូវព្រះពុទ្ធពរ ទាំង៤ប្រការ កុំបីឃ្លៀងឃ្លាត ដើម្បី កូនចៅ ចៅទួត បានជ្រកកោននៅក្រោមម្លប់ព្រះតេជៈបារមី ដ៏ត្រជាក់ត្រជុំនៃព្រះអង្គជារៀង រហូតតទៅ។

ព្រមជាមួយនេះប្រជារាស្ត្រជាកូនចៅ ចៅទួត សូមឧទ្ទិសថ្វាយមហាព្រះរាជកុសល ដ៏ថ្លៃថ្លាក្នុង ពេលនេះថ្វាយ ចំពោះដួងព្រះវិញ្ញាណក័ន្ធ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានយាងគង់ប្រថាប់សោយសុខ ក្នុងព្រះបរម សុគតិភព ប្រកបដោយព្រះបរមសុខក្នុងសម្បត្តិសួគ៌ និងព្រះនិព្វាន្ត កុំបីឃ្លៀងឃ្លាតឡើយ៕