(កណ្ដាល)៖ ស្ត្រីម្នាក់ដែលជាម្ចាស់ទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយ នៅស្រុកអង្គស្នួល ដែលសមត្ថកិច្ចចម្រុះចុះបង្ក្រាបនាពេលថ្មីៗនេះ ត្រូវបាននាំខ្លួនមកសាកសួរនៅការិល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាលហើយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ។

បើតាមមន្ត្រីនគរបាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល បានឱ្យដឹងថា កម្លាំងកំពុងសួរនាំរឿងនេះ ប៉ុន្តែ សេចក្ដីលម្អិតយ៉ាងណាពុំទាន់ដឹងនៅឡើយទេ ដ្បិតដឹងថាស្ត្រីរូបនេះ នឹងត្រូវចូលខ្លួននៅតុលាការខេត្តកណ្ដាល នៅដើមខែកញ្ញាខាងមុខនេះ។

ឆ្លើយតបនឹងការសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន Fresh News ដែលបានសួរនាំផ្ទាល់អ្នកស្រី ជុន មុំ បានឆ្លើយថា «ពីមុនខ្ញុំបានសុំច្បាប់ពីស្រុក ហើយស្រុកចេញច្បាប់ឱ្យខ្ញុំ ខ្ញុំក៏ផលិតលក់ទៅ តែពេលផលិតលក់ក៏គេមកចាប់ ធ្វើកិច្ចសន្យាទេីបដឹងថាខ្លួនខុស, ហើយដោយសារអត់លុយសងគេទើបលួចផលិតទៀត គេក៏មកចាប់ទៀត ធ្វើកិច្ចសន្យាទៀត ជាបន្តបន្ទាប់ ,ហើយក៍ឈប់យូរហើយដែរ ទលបតែមកធ្វើប្រមាណ ២ខែនេះទេ ដោយសារជំពាក់លុយធនាគារ។ ខ្ញុំពិតជាខុសមែន ប៉ុន្តែដោយសារជំពាក់លុយធនាគារ ទើបខ្ញុំបង្ខំចិត្តផលិតលក់យកលុយសងគេ ហើយសន្យាថានឹងឈប់ផលិតស្ករត្នោតក្លែងក្លាយទៀតហើយ ហើយផ្ដាំផ្ញើរកុំឱ្យគេយកគម្រូតាមខ្ញុំ»

គួរជម្រាបថា ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ របស់អ្នកស្រី ជុន មុំ នេះត្រូវបានសមត្ថកិច្ចចុះបង្ក្រាបធ្វើកិច្ចសន្យាជាលាយលក្ខអក្សរចំនួន៦លើក និងសន្យាព្រមានផ្ទាល់មាត់ចំនួន ២លើកទៀត សរុប៨លើក ហើយលើកនេះដីការពីតុលាការខេត្តកណ្ដាល បានកោះអញ្ជើញអ្នកស្រី ជុន មុំ ចូលខ្លួនបំភ្លឺនៅដើមខែកញ្ញាខាងមុខនេះ៕