(ពោធិ៍សាត់)៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ប្រើអំពើហិង្សាដោយចេតនា ប៉ុនប៉ងកាប់ឪពុកបង្កើត។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវចូលបឹងរំលេច ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឱ្យដឹងថា ជនសង្ស័យពាក់ព័ន្ធករណីហិង្សាកាប់ឪពុកបង្កើតនេះ មានឈ្មោះ សាគុណ ចាន់តារា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។ រីឯឪពុកបង្កើតឈ្មោះ ព្រហ្ម សាគុណ អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បុរសជាឪពុកបានរងរបួសស្រាល ដោយកូនជាជនសង្ស័យកាប់មួយកាំបិត។

ប្រភពបន្តថា ជនសង្ស័យឈ្មោះ សាគុណ ចាន់តារា ក្រោយសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ ទើបបែករឿងរ៉ាវថា ជននេះមានដីកាបង្គាប់ឱ្យនាំខ្លួន ជាប់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បងថ្លៃនៅខេត្តសៀមរាប កាលពី១ឆ្នាំកន្លងទៅ។

យោងតាមដីកាបង្គាប់ឱ្យឃាត់ខ្លួនលេខ៤៧៣ នខស/ឃ ចុះថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២០ ចេញដោយលោក ជូ លឹមហ៊ាង ចៅក្រមស៊ើបសួរ នៃអយ្យការសាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់ជនជាប់ចោទរូបនេះ ពីបទឃាតកម្ម ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប៕