(ភ្នំពេញ)៖ ក្រោយការស៊ើបសួរត្រូវបានបញ្ចប់, លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ពីបទ «ញុះញង់ឲ្យមានភាពវឹកវរ និងបង្កអសន្តិសុខដល់សង្គមជាតិ តាមបញ្ញត្តិមាត្រា៤៩៤.៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ ក្រោយចោទប្រកាន់ជាផ្លូវការរួច លោកព្រះរាជអាជ្ញារង បាន បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបបន្តចំណាត់ការតាមនីតិវិធី។ នេះបើយោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១៖៣០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជូនលោក សួង សុភ័ណ្ឌ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

លោក សួន សុភ័ណ្ឌ អតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែង ញុះញង់បំភ្លៃការពិត លើបញ្ហាព្រំដែន បន្ទាប់ពីលោកបានធ្វើត្រាប់តាម លោក រ៉ុង ឈុន កៀរគរកម្លាំងយុវជនចុះទៅតំបន់ព្រំដែន នៅខេត្តត្បូងឃ្មុំ ហើយវាយប្រហាររាជរដ្ឋាភិបាលអំពីការបោះបង្គោលព្រំដែន។

បន្ទាប់ពីចុះទៅតំបន់ព្រំដែននេះលោក សួង សុភ័ណ្ឌ ក្នុងនាមគណបក្សខ្មែរឈ្នះ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយព្រមានអំពីការធ្វើបាតុកម្ម ទាមទារឲ្យដោះលែង លោករ៉ុង ឈុន ដែលត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រំដែននេះផងដែរ។

លោក គុជ គឹមឡុង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា លោកសួងសុភ័ណ្ឌ ត្រូវបានចាប់ខ្លួនក្នុងបទល្មើសជាក់ស្ដែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុសលើ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តល្មើសក្បត់ជាតិ៕