(កោះកុង)៖ លោក សំ ឃិតវៀន អតីតស្នងការនគរបាលខេត្តកោះកុង និងលោក ឃឹម ច័ន្ទឌី អតីតអភិបាលស្រុកគីរីសាគរ ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាលរងខេត្ត ហើយត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីលោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នអង្គភាពជុំវិញខេត្តផងដែរ។

ក្នុងឱកាសប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តលោក សំឃិត វៀន និងលោក ឃឹម ច័ន្ទឌី បានប្តេជ្ញាចិត្តថា ដើម្បីអនុវត្តន៍ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ លោកនឹងខិតខំបំពេញកាតព្វកិច្ច និងអនុវត្តន៍ទៅតាមតួនាទីរបស់ខ្លួន ដើម្បីបំរើប្រទេសជាតិ បម្រើប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាព បង្កើនភាពស្និតស្នាល ជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ គ្រប់ឋានៈ គ្រប់មូលដ្ឋានដោយមិនប្រកាន់និន្នាការ នយោបាយបក្សណាមួយឡើយ និងដោយមិនប្រកាន់ពូជសាសន៍ពណ៌សប្បុរឡើយ និងរឹតចំណងមេត្រីភាពសាមគ្គីភាព ទាំងមន្ត្រីរាជការ ទាំងប្រជាពលរដ្ឋរួមទាំងប្រទេស ជិតខាងផងដែរ។

ក្នុងឱកាសនេះលោក លេង វី បានថ្លែងថា ប្រទេសមានសន្តិភាព និងកំពុងតែមានការអភិវឌ្ឍន៍គ្រប់ផ្នែកគ្រប់វិស័យ ហើយក៏ធ្វើឲ្យប្រជាពលរដ្ឋកាត់បន្ថយពីភាពក្រីក្រមកជាជីវភាព មធ្យមរាល់ថ្ងៃនេះគឺ ស្ថិតក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានខិតខំទាំងកម្លាំងចិត្ត ដើម្បីអភិវឌ្ឍន៍គ្រប់វិស័យ និងបង្កើនធនធានមនុស្សធ្វើឲ្យបណ្តាលប្រទេស លើពិភពលលោកទទួលស្គាល់ លើឆាកអន្តរជាតិរាល់ថ្ងៃ។

លោករដ្ឋលេខាធិការបានថ្លែងបន្តថា បច្ចុប្បន្នភាពរាល់ថ្ងៃនេះ ដែលមានហានិភ័យខ្ពស់បំផុតនោះគឺមាន២៖

*​ ករណី១៖ ជំងឺកូវីដ១៩ ដែលក្នុងពិភពលោកកំពុងមានហានិភ័យខ្ពស់
* ករណី២៖ បញ្ហាគ្រោះថ្នាក់ចរាចណ៍។ ដូច្នេះទាំង២ករណីយើងត្រូវការពារឲ្យបាននៅគ្រប់វិនាទី ដោយមិនអាចធ្វេសប្រហែសបានឡើយ។

ក្នុងនោះដែរ លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាអនាម័យបរិស្ថាន និងថែរក្សាសុខភាព ទៅតាមការផ្សាយអប់រំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលរាល់ថ្ងៃនេះ ហើយករណីការពារគ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូនអនុវត្តន៍ ទៅតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងចរាចរណែនាំដែលបានធ្វើការផ្សព្វផ្សាយរាល់ថ្ងៃនេះផងដែរ៕