(បន្ទាយមានជ័យ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើឲ្យសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់ វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ និងចុងក្រោយត្រូវរាយការណ៍ផ្តល់ព័ត៌មានជូនសមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ និងទីតាំងស្តុកគ្រឿងញៀន ខុសច្បាប់ដល់សមត្ថកិច្ច។

ការថ្លែងបែបនេះ ក្នុងឱកាសលោករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ដែលបានប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី ២៦ មិថុនា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស, សមាជិករដ្ឋសភា-ព្រឹទ្ធសភា, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ទ្បាយ គីមលី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង៤, តំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ, ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបប្រមាណជាង ៧០០នាក់។

យោងតាមរបាយការណ៍របស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងជាតំណាងសាលាដំបូងខេត្តចំនួន០៣ ទៀត គឺសៀមរាប កំពង់ធំ និងឧត្តរមានជ័យ បានបញ្ជាក់ថា គ្រឿងញៀនដែលបានដុតបំផ្លាញនៅក្នុងពិធីនេះមានចំនួនសរុបជាង ៩៣គីឡូក្រាម ដែលក្នុងនោះរួមមាន៖

*គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៨៥,៤២២.៣៩ ក្រាម
*ប្រភេទមេតំហ្វេតាមីន (WY) ជាគ្រាប់មានទម្ងន់ ៥,៦១៦.០៩ ក្រាម
*ប្រភេទអ៊ិចស្តាស៊ីល ទម្ងន់ ២,១៦៦.៨០ក្រាម
*ប្រភេទកេតាមីន មានចំនួន ៤០៣ដប ដែលបានមកពីការបង្រ្កាបក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលពេញមួយឆ្នាំ ក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនេះ ក្នុងនាមក្រសួងយុត្តិធម៌ និងក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានពុះពារបំពេញ ការងារយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន ដោយអនុវត្តតាមសមត្ថកិច្ចរបស់ខ្លួន រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងរយៈកាលកន្លងមកនេះ ធ្វើឱ្យស្ថានភាពគ្រឿងញៀនអាចគ្រប់គ្រង និងត្រួតពិនិត្យបាន។

បន្ថែមពីនេះទៀត លោករដ្ឋមន្រ្តី ក៏បានណែនាំមន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន «៣កុំ ១រាយការណ៍» របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួមមាន៖

*កុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន
*កុំអន្តរាគមន៍៖ កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ
*កុំលើកលែង៖ គឺកុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។

គួរបញ្ជាក់ផងដែរថា ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ គិតត្រឹមរយៈពេល ៨ខែ ក្នុងឆ្នាំ២០២០ នេះ មានបទល្មើសគ្រឿងញៀនសរុបចំនួន ៣២,២០០ ករណីត្រូវបានបង្រ្កាប ក្នុងនោះជនសង្ស័យចំនួនជាង ៦ម៉ឺន៧ពាន់នាក់ ត្រូវបានឃាត់ខ្លួន និងគ្រឿងញៀនគ្រប់ប្រភេទសរុបជាង ២,២០០គីឡូក្រាម ត្រូវបានដកហូត៕