(ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកស្រូវពូជ ៦៥តោន ចែកជូនប្រជាកសិករ ១,០០៤គ្រួសារ នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីធ្វើការដាំដុះបន្ត ក្រោយស្រូវរបស់ពួកគាត់រងការខូចខាតដោយសារគ្រោះរាំងស្ងួតនាខែកក្កដា កន្លងទៅនេះ។

ពិធីចែកពូជស្រូវត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ, ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ដ្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

តាមរបាយការណ៍បានឱ្យដឹងថា គ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលវេលាយូដល់ខែកក្កដាកន្លងទៅនេះ បណ្តាលឱ្យដំណាំស្រូវប្រជាកសិករប្រមាណ ៥៧៥ហិចតា ស្មើនឹង ១,០០៤គ្រួសារ ក្នុងភូមិចំនួន១៣ នៃឃុំអញ្ចើម បានរងការខូចខាតទាំងស្រុង។

ក្នុងពិធីចែកពូជស្រូវនេះលោកទេសរដ្ឋមន្ដ្រី គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបប្រជាពលរដ្ឋពីការសោកស្តាយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានតាមដានជាប់ជានិច្ច ចំពោះផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដោយបាតុភូតធម្មជាតិ ជាពិសេសគ្រោះរាំងស្ងួត នាពេលកន្លងមក។

ជាមួយគ្នានេះសម្តេចទាំងទ្វេ ក៏បានក្រើនរំលឹកដាស់តឿនដល់គណៈកម្មាធិករជាតិគ្រប់គ្រងគ្រោះមហន្តរាយយកគ្រាប់ពូជស្រូវចែកជូនបន្ទាន់ដល់ប្រជាកសិករ ដើម្បីដាំដុះបន្តក្រោយមានភ្លៀងធ្លាក់ និងមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើការស្តារឡើងវិញ។

ជាមួយការចែកជូនពូជស្រូវនេះលោកទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ហើយជួយសម្របសម្រួលដល់ការដាំដុះរបស់ប្រជាពលរដ្ឋឡើងវិញពេលមានភ្លៀងធ្លាក់ និងមានទឹកគ្រប់គ្រាន់។

ទោះបីយ៉ាងណាលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះរាំងស្ងួតបានល្អប្រសើរជូនប្រជាកសិករ៕