(ស្វាយរៀង)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តស្វាយរៀង ក្នុងបំណងចុះមកពិនិត្យ និងតាមដានអំពីវឌ្ឍនាភាពនៃការងារបង្កបង្កើនផល ជាពិសេសវិស័យវារីវប្បកម្ម ដោយបាននាំយកកូនត្រីអណ្តែង និងកូនកង្កែប និងសម្ភារចិញ្ចឹមមកចែកជូនប្រជាកសិករផងដែរ។

លោករដ្ឋមន្ត្រី បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀត មកចែកជូនកសិករចំនួន ៥៤គ្រួសារ ដែលពិធីនេះក៏មានអញ្ជើញចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងអាជ្ញាធរស្រុក ឃុំ ភូមិផងដែរ ដែលពិធីនេះបានរៀបចំនៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ការងារបង្កើបង្កើនផល ភ្ជួររាស់ សាបព្រោះ ប្រមូលផលស្រូវដើម រដូវ ការចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វគោ ក្របី ការដាំដុះបន្លែ និងការនាំចេញកសិផលចេញទៅប្រទេសវៀតណាមនាពេលកន្លងមក។ល។ ដោយឡែកវិស័យវារីវប្បកម្មនៅទូទាំងខេត្ត មានបណ្តុំវារីវប្បករចំនួន ៧កន្លែង (១៧០គ្រួសារ) កន្លែងបង្កាត់ ភ្ញាស់កូនត្រីមាន ០៣កន្លែង អាចផលិតកូនបាន ២២០ ០០០កូន កន្លែងបង្កាត់ និងភ្ញាស់កូនកង្កែបមាន ៩កន្លែង អាចផលិតកូនបាន៥៩៣ ០០០កូន កន្លែងចិញ្ចឹមត្រីមាន ៩៣៩ កន្លែង កន្លែងចិញ្ចឹមកង្កែបសាច់មាន១០៩កន្លែង និងកន្លែងចិញ្ចឹមចង្រិតមាន១៣កន្លែង។

លោកបន្តថា មន្ទីរកសិកម្មបានរៀបចំបណ្តុំអាជីវកម្មមាន៖ បណ្តុំអាជីវកម្មស្រូវ ៧ បន្លែ ១៧ ដំឡូងមី ២ មាន់ ៨ កង្កែប ៤ ត្រី ៤ និងឃ្មុំ ៤ ក្នុងនោះមានគ្រួសារចូលរួមសរុបចំនួន ២ ១០២គ្រួសារ។ នៅ ៨ខែដើមឆ្នាំ២០២០ បរិមាណស្រូវចំនួន ១៣០ ៣៩៦តោនត្រូវបាននាំ ចេញទៅប្រទេសវៀតណាម និងបន្លែចំនួន ៤០០តោន ត្រូវបានផលិត និងលក់ចែកចាយទៅផ្សារនៅទូទាំងខេត្ត និងទីផ្សាររាជធានីភ្នំពេញ។ ក្រៅពីនេះ មន្ទីរបានរៀបចំបង្កើតអាជីវកម្ម ជូនបងប្អូនដែលវិលត្រឡប់ពីចំណាកស្រុកក្រៅប្រទេសចំនួន ១០០គ្រួសារ ក្នុងនោះផ្តល់ពូជបន្លែឲ្យ ២៥ គ្រួសារ ពូជមាន់ ៣០គ្រួសារ ពូជត្រី ៣០គ្រួសារ និងពូជកង្កែប ១៥គ្រួសារ។

លោករដ្ឋមន្រ្តី និងលោកអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មកជូនប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង ព្រមទាំងជូនពរ បងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យក្នុងការងារបង្កបង្កើនផល។

លោករដ្ឋមន្រ្តីបានធ្វើការសំណេះ សំណាលជាមួយប្រជាពលរដ្ឋដោយបានលើកយកប្រធានបទសំខាន់ៗមួយចំនួនទាក់ទងការងារបង្កបង្កើនផល (ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និងកង្កែប) ជាពិសេសនោះគឺការចងក្រងបណ្តុះអាជីវកម្ម និងការបង្កើតសហគមន៍កសិកម្ម។

លោកបានបញ្ជាក់ថា វាដែលមានសារប្រយោជន៍ ក្នុងការចូលរួមគ្នាជាកំលាំងចលករផលិត កែច្នៃ ទីផ្សារ ទទួលបានព័ត៌មាន តម្លៃបន្ថែម ទទួលបានបច្ចេកទេស បង្កើតជាសំឡេងតវ៉ាអំពីផលប្រយោជន៍ផ្សេងៗ និងរួមគ្នាដោះស្រាយបញ្ហា។ល។ ដោយឡែក ការងារវារីវប្បកម្ម លោករដ្ឋមន្ត្រីបានលើកយកនូវប្រសាសន៍ណែនាំរបស់សម្តេចតេជោ កាលពីថ្ងៃទី១៨ ខែកុម្ភៈ និងកាលពីថ្ងៃទី១៤ ខែ កក្កដាកន្លងមក សម្តេចបានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យខិតខំជំរុញការងារផលិតកម្មស្បៀង ក្នុងឆន្ទ:ចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារ ដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀត កំពុងប្រឈមបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩ ជាពិសេសនោះសម្រាប់កម្មវិធីដ៏មានសារសំខាន់នេះ សម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២ពាន់លានរៀលផងដែរ។

លោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ ក៏ដូចជាមន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវខិតខំពុះពារគ្រប់បែបយ៉ាងចុះ មកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយ:ការបង្កើនផលិតភាពផលិត ក្លាយវិបត្តិទៅ ជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។ ត្រូវធ្វើការតាមដាននូវរាល់សកម្មភាព របស់វារីវប្បករដែលនឹងយកកូនត្រី និងកូនកង្កែបទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យអាជីពមួយនេះមានការ រីកចម្រើន និងទទួលបានផលជាបន្តបន្ទាប់។ ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។

សម្រាប់ថ្ងៃនេះ កសិករដែលចិញ្ចឹមត្រីអណ្តែង ៣២គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ ក្បាល ចំណី ៤បាវ និងតង់ ១ ដោយឡែកកសិករចិញ្ចឹមកង្កែបចំនួន ២២គ្រួសារ គ្រួសារនីមួយៗទទួលបានកូនកង្កែប ៤០០ក្បាល ចំណី ៤បាវ និងតង់ ១ និងថ្នាំវីតាម៉ីន ៣កញ្ចប់។

បន្ទាប់មកលោកមរដ្ឋមន្ត្រី និងអភិបាលខេត្ត រួមជាមួយសហការីបានបន្តដំណើរមកជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូន សមាជិកសហគមន៍ប្រឡាយកូនភ្លោះវាលខ្នាត នៅភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ។

លោក វ៉ា សាវន់ ជាប្រធានសហគមន៍ បានរៀបរាប់ជូនលោករដ្ឋមន្រ្តី និងអភិបាលខេត្តថា បច្ចុប្បន្នសហគមន៍មានសមាជិក ២១៨គ្រួសារ ភាគច្រើនពួកគាត់មានការងារធ្វើស្រែ ដាំបន្លែ និងចិញ្ចឹមមាន់ ក្នុងចំណោមនោះមាន ៣៥គ្រួសារចិញ្ចឹមមាន់ច្រើនជាងគេ មានមាន់រហូតដល់ទៅ ២០០ ក្បាលឡើង ដោយឡែកលោកពូ សាវន់មាន ៥០០ក្បាល (មាន់សាច់)។ អាចរកចំណូលពីផលស្រូវ បន្លែ និងមាន់ចំនួន ១០០០ដុល្លារ/ខែ។ បញ្ហាកន្លងមកមានដូចជាមាន់ឈឺ តម្លៃស្រូវឡើងចុះ និងខ្វះមធ្យោបាយបូមទឹកបញ្ចូលស្រែ។ ប៉ុន្តែដោយសារប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋនៅតំបន់នេះបានខិតខំពុះ រួមផ្សំជាមួយការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ធ្វើឲ្យសមាជិកសហគមន៍មានជីវភាពល្អប្រសើរធូធារជាលំដាប់។

សម្រាប់ថ្ងៃនេះ លោករដ្ឋមន្ត្រីបានយកកូនមាន់ពូជចំនួន ២១០ ក្បាល ចែកជូនឲ្យបណ្តុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ៧ ដោយបណ្តុំនីមួយៗទទួលបានកូនមាន់ពូជ ៣០ ក្បាល និងជួយ ឧបត្ថម្ភទូភ្ញាស់កូនមាន់ចំនួន ២គ្រឿង (ដោយទូភ្ញាស់ស៊ុតមាន់មានលទ្ធភាពភ្ញាស់បាន ៣០០ស៊ុត/លើក) និងថវិកា ១លានរៀលសម្រាប់ជួយទ្រទ្រង់អាជីវកម្មចិញ្ចឹមមាន់ របស់សហគមន៍ឲ្យមានការរីកចម្រើនបន្ថែមទៀត។ ចំពោះតម្លៃស្រូវ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរទាក់ទងទៅនាយកដ្ឋានកសិ-ឧស្សាហកម្ម ជួយស្វែងរកដៃគូទិញស្រូវ ក្នុងលក្ខខណ្ឌនៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា៕