(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដាំស្មៅដាំជួសដើមឈើដែលងាប់ និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់ នៅក្នុងបរិវេនវិមានឈ្នះឈ្នះ ជាមួយនិងការណែនាំឲ្យសន្តិសុខ សណ្តាប់ធ្នាប់ប្រាប់ទៅប្រជាពលរដ្ឋដែលទៅដើរលេងកំសាន្ត នៅទីក្នុងវិមាននេះទុកដាក់សំរាមអោយបានល្អផងដែរ។

ក្នុងឱកាសចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះ និងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា មហាវិថីឈ្នះឈ្នះ គឺជាផ្លូវមួយដ៏សំខាន់របស់រាជាធានីភ្នំពេញ ដែលមានអ្នកបើកបរឆ្លងកាត់ច្រើនរួមទាំងមានស្តូបវិមានឈ្នះឈ្នះ ដែលមនុស្សម្នាទៅទស្សនាកម្សាន្តជាហូរហែរមិនចេះដាច់ជារៀងរាល់ថ្ងៃ។ ដូច្នេះហើយមហាវិថីនេះត្រូវតែស្អាតជាប់ជាប្រចាំ។ នៅក្នុងឱកាសចុះត្រួតពិនិត្យនេះ ក្រុមកម្មករជំនាញ បានដុសលាងបោសសំអាតផ្លូវ លុបកន្លែងដកទឹក និងកាប់លះមែកឈើ ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវនេះអោយកាន់តែស្រស់ស្អាត។

លោក ឃួង ស្រេង បានលើកឡើងថា នៅក្នុងបរិវេណវិមានឈ្នះឈ្នះនេះ មានប្រជាពលរដ្ឋមកដើរលេងកំសាន្តរាប់ពាន់នាក់ ដូច្នេះកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់របស់យើងត្រូវណែនាំពួកគាត់ ឲ្យទុកដាក់សំរាមឲ្យបានល្អដើម្បីឲ្យពួកគាត់មានទំលាប់ល្អ។

បន្ថែមពីនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដាំស្មៅជួសដើមឈើដែលងាប់ និងដាំផ្កានៅតាមចិញ្ចើមផ្លូវទាំងអស់នៅក្នុងបរិវេណវិមានឈ្នះឈ្នះនេះ ឲ្យបានល្អស្អាតបន្ថែមទៀត៕