(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ បានលើកឡើងថា មានតែក្រុមអ្នកនយោបាយ អនាធិបតេយ្យប៉ុណ្ណោះ ដែលប្រើវិធីសាស្ត្របែបអាណាធិបតេយ្យបញ្ឆេះកំហឹងពលរដ្ឋឲ្យចេញមកទាមទាររំដោះជនសង្ស័យឲ្យរួចផុតពីអំណាចតុលាការ។

ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានញុះញង់បំផុសសកម្មជនក្រុមប្រឆាំងតវ៉ាទាមទារឱ្យ ដោះលែងលោក រ៉ុង ឈុន ដែលតុលាការឃុំខ្លួន ពាក់ព័ន្ធនឹងករណីព្រំដែន។

លោក សួន សេរីរដ្ឋា បនបញ្ជាក់ទៀតថា «ក្នុងប្រទេសមានច្បាប់ ហើយកំពុងកែទម្រង់ដើម្បីពង្រឹងនីតិរដ្ឋ គឺមិនត្រូវឲ្យពួកក្រុមអ្នកនយោបាយអនាធិបតេយ្យ អស់រស់នៅក្រៅរង្វង់ច្បាប់ ធ្វើអ្វីស្រេចតែចិត្តនោះឡើយ... យើងគោរពសិទ្ធិសំដែងមតិរបស់ពលរដ្ឋ តែត្រូវសំអាតពួកអ្នកនយោបាយអនាធិបតេយ្យ ដែលបន្លំខ្លួនចូលទៅស្រែកបញ្ឆេះកំហឹងពលរដ្ឋ កេងយកមុខមាត់យកចំណេញនយោបាយក្នុងវេទិកាសំដែងមតិរបស់ពលរដ្ឋ»

លោកបន្ថែមទៀតថា «អ្នកនយោបាយអនាធិបតេយ្យដែលចូលចិត្តបន្លំខ្លួនចូលស្រែកស៊ីឡាក់ក្នុងហ្វូងវេទិកាសំដែងមតិរបស់ពលរដ្ឋ ហើយដែលចូលចិត្តប្រើវិធីសាស្ត្រ អនាធិបតេយ្យបំផ្លាញសណ្តាប់ធ្នាប់សង្គម ត្រូវតែប្រមូលយកទៅដាក់កន្លែងឲ្យគេមើលថែអប់រំ»