(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី បានរៀបចំពិធីចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន ៥៣គ្រួសារ នៅក្នុងកាសបុណ្យខួបគម្រប់៤៩ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះឧបាសក ព្រឹទ្ធាចារ្យជ័យ វុន ត្រូវជាឪពុកក្មេកលោកអភិបាលខេត្ត។

ពិធីចែកអំណោយនេះធ្វើឡើងនៅគេហដ្ឋានរបស់លោកផ្ទាល់ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

នាឱកាសនោះលោកអភិបាលខេត្ត បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ បន្តរួមគ្នាប្រយុទ្ធប្រឆាំងជាមួយជម្ងឺឆ្លងដ៏កាចសាហាវ ដែលកំពុងតែរាតត្បាតពាសពេញសកលលោកកូវីដ-១៩ ដោយត្រូវអនុវត្តនូវធានការអនាម័យឲ្យបានខ្ជាប់ខ្ចួន ការពារកុំឲ្យមានរលកទី២ ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខភិបាល រក្សាគម្លាតសង្គម ត្រូវលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល សម្លាប់មេរោគជាប្រចាំ មុនឬក្រោយពេលប៉ះពាល់អ្នកជម្ងឺ ប៉ះពាល់សត្វ ឬរបស់របផ្សេងៗ។

សូមឲ្យបងប្អូនបង្កើនការយកចិត្តទុកដាក់បង្កបង្កើនផលដាំបន្លែគ្រប់ប្រភេទចិញ្ចឹមសត្វ ដើម្បីទុកគ្រាន់ដោះស្រាយក្នុងជីវភាពគ្រួសាស្របពេលដែលវីរុសកូវីដ១៩ពុំទាន់ធូស្បើយនោះ។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណចំពោះលោក អ៊ុំ រាត្រី និងលោកស្រី ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងពួកគាត់ដែលកំពុងជួបបញ្ហាខ្វះ។

ពិសេសប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែជួបដល់បងប្អូនដែលជួបខ្លះខាត ដោយមិនរើសអើងពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ ពោលគឺជួយពលរដ្ឋដែលកំពុងជួបការលំបាកដោះស្រាយបានទាន់ពេលវេលា។

ចំពោះគ្រួសារក្រីក្រទាំង ៥៣គ្រួសារ ក្នុងគ្រួសារទទួលបានអង្ករ២០គីឡូក្រាម មីមួយកេស ត្រីខ ទឹកស៊ីអ៉ីវ ទឹកត្រី រួមនឹងថវិកា១៥,០០០រៀល៕