(ព្រះវិហារ)៖ គ្រឿងឧបភោគ បិរភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ នាំយកទៅប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដើម្បីធ្វើការបែងចែកជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ៦០០គ្រួសារ ដែលមានជីវភាពខ្វះខាត។

ពិធីនេះស្ថិតក្រោមវត្តមានលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដោយមានការចូលរួមពីលោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ។

លោក គោ ស៊ុប៊ុនសឿត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច និងគ្រប់ពេលវេលា ចំពោះបងប្អូនគ្រួសារអតីតយុទ្ធជនកម្ពុជា គ្រួសារកងទព័ ក៏ដូចជាគ្រួសារបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ពិសេសក្នុងកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលពាសពេញពិភពលោក និងក្នុងរដូវទឹកជំនន់នេះ។

ក្នុងនាមលោក ប្រាក់ សុវណ្ណ, លោក គោ ស៊ុប៊ុនសឿត បានកោតសរសើរ និងអំណរគុណដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកមុខសញ្ញាអតីតយុទ្ធជននៅតាមភូមិឃុំស្រុក និងបានជួយបងប្អូនគ្រួសារអតីតយុទ្ធជនយើងបានទាន់ពេលវេលា ដូចជាការសាងសង់ផ្ទះជូន ក៏ដូចជានាំអំណោយផ្សេងៗទៅចែកជូនផងដែរ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានថ្លែងជំរុញឲ្យបងប្អូនគ្រួសារអតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋយើង ត្រូវខិតខំបង្ករបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗដើម្បីលើកកម្ពស់ជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើងថែមទៀត។

អំណោយដែលត្រូវចែកជូននៅពេលនេះ គឺផ្តល់ជូនគ្រួសារអតីតយុទ្ធជន២០០គ្រួសារ ជនរងគ្រោះដោយទឹកជំនន់ ២០០គ្រួសារ និងចាស់ជរាក្រីក្រ២០០គ្រួសារ៕