(ឧត្តរមានជ័យ)៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួន ខណៈបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពដាក់ថ្នាំសណ្តំស្ត្រីម្នាក់ យកទ្រព្យសម្បត្តិពេលកំពុងដើរក្នុងផ្សារ។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្សារសំរោង ក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីជនរងគ្រោះ បានដើរចូលផ្សារសំរោងដើម្បីទិញឥវ៉ាន់ ក្នុងពេលនោះបក្ខពួកជនសង្ស័យម្នាក់ ក្នុងចំណោម៤នាក់ បានមកនិយាយក្រោយខ្នងស្ត្រីរងគ្រោះថា ជ្រុះបាត់លុយ ភ្លាមៗនោះក៏មានបក្ខពួកម្នាក់ទៀត មកខ្សឹបជនរងគ្រោះថា គាត់រើសបានលុយច្រើនណាស់ កុំប្រាប់គេហើយបបួលជនរងគ្រោះចេញក្រៅផ្សារដើម្បីចែកលុយគ្នា។

បន្ទាប់មកជនសង្ស័យបាននាំជនរងគ្រោះ ចេញពីផ្សារជិះម៉ូតូទៅឈប់នៅចំណុចលូទី១ តាមផ្លូវកៅស៊ូខាងលិចត្រពាំងស្នោ ហើយបានឲ្យជនរងគ្រោះ ដោះខ្សែកមាស១ខ្សែ ទម្ងន់៥ជី ចិញ្ជៀនមាស១វង់ទម្ងន់២.៥ជី និងប្រាក់ចំនួន៣៨,៥០០រៀល ដាក់ក្នុងថង់ពណ៌ខៀវ រួចយកទៅទុកក្នុងកន្ត្រកយួរ បន្ទាប់មកជនសង្ស័យឲ្យគ្រាប់សំណរដែលដាក់ក្នុងថង់ក្រណាត់ទៅជនរងគ្រោះ ហើយបានជិះម៉ូតូចេញទៅ។

ស្របពេលជាមួយគ្នានោះ ជនរងគ្រោះក៏បើកម៉ូតូដេញតាមពីក្រោយ ពេលនោះក៏មានបក្ខពួកជនសង្ស័យម្នាក់ បើកម៉ូតូមករាំងផ្លូវជនរងគ្រោះ ឃើញសភាពការមិនស្រួលនឹកឃើញថា ចាញ់បោកគេជនរងគ្រោះក៏ស្រែកឲ្យគេជួយ។

ក្រោយទទួលដំណឹងកម្លាំងនគរបាលអន្តរាគមន៍ ក្រុងសំរោង បានចេញប្រតិបត្តិការ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន ទី១៖ឈ្មោះ ប៊ុន ភិត ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំជីឃ្មុល ស្រុកគីរីវង្ស ខេត្តតាកែវ និងទី២៖ឈ្មោះ ស សំអឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្វាយជ្រំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ចំណែក២នាក់ទៀត បានគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន ទៅចាត់ការតាមច្បាប់។ ចំពោះជនរងគ្រោះឈ្មោះ សែ ស៉ីវ៉ូ អាយុ២៧ឆ្នាំ មានទីលំនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចប្រគល់ទ្រព្យសម្បត្តិជូនវិញផងដែរ៕