(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ គណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌ ដែលមានការអញ្ជើញចូលរួមពីតំណាងសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ។

ក្នុងមតិស្វាគមន៍គណៈអធិបតី លោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ បានស្នើឲ្យទាំងមន្ត្រីបក្ស និងមន្ត្រីរដ្ឋ បង្កើនស្មារតី និងសកម្មភាព ឲ្យបានសកម្មជូនប្រជាពលរដ្ឋ និងត្រៀមបេក្ខភាពសម្រាប់ការបោះឆ្នោតឃុំសង្កាត់ខាងមុខ។ ជាមួយគ្នានេះ ត្រូវតែតាមដានចំពោះអង្គការ សង្គមស៊ីវិលមួយចំនួន ដែលមាននិន្នាការប្រឆាំងឲ្យប្រាកដថា ពួកគេមិនបានធ្វើអ្វីដែលជាការបង្កចលាចល នៅពេលឈប់សម្រាកខាងមុខនេះ។

ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានក្រើនរំលឹកដល់សមាជិកគណៈកម្មាធិការបក្សខណ្ឌឫស្សីកែវទាំងអស់ ក្នុងនាមជាមន្ត្រីបក្ស និងជាមន្ត្រីរបស់រដ្ឋ ត្រូវតែប្រឹងប្រែងយកចិត្តទុកដាក់ ទៅលើតួនាទីភារកិច្ចទៅតាមជំនាញរៀងៗខ្លួន ធ្វើការបម្រើប្រជាពលរដ្ឋឲ្យបានដូចភ្លៀងរលឹម ធ្វើយ៉ាងណាផ្ដល់ទំនុកចិត្ត ការជឿជាក់ដល់ប្រជាពលរដ្ឋ កសាងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។

បន្ថែមពីនេះ ត្រូវឃ្លាំមើល និងក្ដាប់ឲ្យបានរាល់សកម្មភាពដែលបង្កឡើងដោយ ក្រុមប្រឆាំងមួយក្តាប់តូច ដែលនាំឲ្យបាត់បង់នូវស្ថេរភាព នៃសង្គមជាតិរបស់យើង ព្រោះបច្ចុប្បន្នកម្ពុជា មានសុខសន្តិភាព តែបើគ្មានស្ថេរភាពនយោបាយទេ នោះប្រទេសយើងក៏គ្មានលំនឹងដូចគ្នា។ លោកក៏បានក្រើនរំលឹកមន្ត្រីគ្រប់ជំនាញ ក្នុងខណ្ឌឬស្សីកែវ សូមជួយរក្សាសណ្ដាប់ធ្នាប់ ក្នុងឱកាសឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខ្មែរនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នឹងបញ្ហាគ្រឿងញៀន។

លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានលើកឡើងថា ប្រជាពលរដ្ឋ និងមន្ត្រីហាក់បីដូចជាព្រងើយកន្តើយ នឹងជំងឺកូវីដ១៩ ព្រោះកម្ពុជាមិនមានអ្នកឆ្លងច្រើន តែកុំភ្លេចថា ជំងឺនេះកំពុងតែរាតត្បាត នៅទូទាំងពិភពលោក និងមានចំនួនច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស លាងដៃ និងការរក្សាគម្លាតជាដើម៕