(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តរួចហើយលើសេចក្តីព្រាងរបាយការណ៍ស្តីពី «វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥» នៅក្នុងឆ្នាំ២០១៧-២០១៨។ ការអនុម័តបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ក្នុងឆ្នាំ២០១៧-២០១៨កន្លងទៅនេះ ត្រូវបានពិនិត្យឃើញថា ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ បាន និងកំពុងអនុវត្តនូវវិធានការគោលនយោបាយនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្ថិតនៅក្នុងទិសដៅត្រឹមត្រូវ ដែលអាចឈានទៅសម្រេចគោលដៅដែលបានកំណត់នៅឆ្នាំ២០២៥។

លោកបន្តថា ជាលទ្ធផលការអនុវត្តគោលនយោបាយនេះ ទទួលបាននូវវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដែលត្រូវបានធ្លុះបញ្ជាំងតាមរយៈការសម្រេចបានជាបន្តបន្ទាប់នូវគោលដៅចម្បងទាំងបី និងវិធានការគន្លឹះបួនជាក់ស្ដែង នៃគោលនយោបាយអភិវឌ្ឍន័វិស័យឧស្សាហកម្មកម្ពុជា។

ទន្ទឹមនឹងនេះ ការអនុវត្តគោលនយោបាយអភិវឌ្ឍន័វិស័យឧស្សាហកម្មកម្ពុជា នារយៈកាលកន្លងមក បានជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យមួយចំនួន ដែលតម្រូវឱ្យតួអង្គពាក់ព័ន្ធទាំងអស់រួមមាន ស្ថាប័នជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍ បន្ដកិច្ចសហការក្នុងការគ្រប់គ្រង និងដោះស្រាយប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត និងទាន់ពេលវេលា។ ជាពិសេសធ្វើការបន្ស៉ីទៅនឹងសភាពការណ៍ដែលមានការប្រែប្រួលឥតឈប់ឈរ ដើម្បីធានាភាពជោគជ័យនៃគោលនយោបាយនេះ។

សូមបញ្ជាក់ថា «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥» ដែលរាជរដ្ឋាភិបាលបានចងក្រងឡើង មានគោលដៅចម្បងសំខាន់ចំនួន៣រួមមាន៖

*គោលដៅទី១៖ ការកែប្រ និងពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្មក្នុងសេដ្ឋកិច្ចជាតិដោយបង្កើនអនុបាតវិស័យឧស្សាហកម្មក្នុង ផ.ស.ស ឱ្យបាន៣០% នៅឆ្នាំ២០២៥ ក្នុងនោះវិស័យកម្មន្តសាលត្រូវកើនដល់២០%។ ជាក់ស្ដែងអនុបាតវិស័យឧស្សាហកម្មក្នុង ផ.ស.ស បានកើនឡើងពី ២៧,៧% នៅឆ្នាំ២០១៥ ដល់ ៣២,៦% នៅឆ្នាំ២០១៨ ពោលគឺសម្រេចបានមុនគោលដៅបានកំណត់នៅឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ អនុបាតវិស័យកម្មន្តសាលក្នុង ផ.ស.ស បានកើនឡើងពី ១៦.០% នៅឆ្នាំ២០១៥ ដល់ ១៦.៣% នៅឆ្នាំ២០១៨ កំណើននេះមានលក្ខណៈយឺត បើធៀបនឹងគោលដៅឆ្នាំ២០២៥។

*គោលដៅទី២៖ បង្កើន និងពិពិធកម្មមុខទំនិញនាំចេញ ដោយបង្កើនការនាំចេញទំនិញកម្មន្តសាល (មិនមែនជាវាយនភណ្ឌ) ឱ្យបាន ១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ជំរុញនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន ១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។

ជាក់ស្តែង ចំណែកនៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានការថយចុះជាលំដាប់ពី ៧១.៦% នៃបរិមាណនាំចេញសរុប នៅឆ្នាំ២០១៥ មកត្រឹម ៦៩.២% នៅឆ្នាំ២០១៨។ ដោយឡែក ការនាំចេញសរុប នៅឆ្នាំ២០១៥ ដល់ ១៣.៣% នៅឆ្នាំ២០១៨ គឺសម្រេចបានប្រមាណ ៨៨.៦% បើធៀបនឹងគោលដៅឆ្នាំ២០២៥។ ទន្ទឹមនឹងនេះការនាំចេញកសិកផលកែច្នៃ ក៏មានការកើនឡើងពី ៥.៩% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០១៥ ដល់ ៧% នៅឆ្នាំ២០១៨ សម្រេចបានប្រមាណ ៥៨.៣% បើធៀបនឹងគោលដៅឆ្នាំ២០២៥។

ទិន្នន័យទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាបានកំពុងធ្វើពិពិធកម្មមុខទំនិញនាំចេញរបស់ខ្លួនជាបន្តបន្ទាប់ និងបន្តជំរុញកំណើននៃការនាំចេញកសិផលកែច្នៃឱ្យកាន់តែសម្បូរបែប ដោយមិនពឹងផ្អែកតែលើការនាំទំនិញកម្មន្តសាលផ្នែកសំលៀកបំពាក់ និងស្បែកជើងនោះទេ។

*គោលដៅទី៣៖ នៅឆ្នាំ២០២៥ សហគ្រាសធុនតូច និងមធ្យម ៨០% និង៩៥%រៀងគ្នា និងត្រូវបានចុះបញ្ជីជាផ្លូវការ ហើយសហគ្រាសធុនតូច និងមធ្យម ៥០% និង៧០%រៀងគ្នា នឹងមានបញ្ជិកាគណនេយ្យ និងតារាងតុល្យការត្រឹមត្រូវ។

ការចុះបញ្ជីផ្លូវការនៃសហគ្រាសធុនតូច មធ្យម និងធំ មានការកើនឡើងពី ៣៧% ៧២% និង៩៣% នៅឆ្នាំ២០១០ ដល់ ៧៦% ៨៧% និង៩៨% នៅឆ្នាំ២០១៨ ជិតសម្រេចបានតាមគោលដៅឆ្នាំ២០២៥។ សហគ្រាសធុនមធ្យមដែលមានតារាងតុល្យការបានកើនឡើងពី២៤% ក្នុងឆ្នាំ២០១០ ដល់៧២% ក្នុងឆ្នាំ២០១៨ លើសពីគោលដៅឆ្នាំ២០២៥ ខណៈដែលសហគ្រាសធុនតូច និងធុនធំមានតារាងតុល្យការបានកើនឡើង ៤% និង៦៦% ក្នុងឆ្នាំ២០១០ ដល់២៨% និង៨៧% ក្នុងឆ្នាំ២០១៨៕