(កំពង់ឆ្នាំង)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចជាអម្ចាស់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន នូវព្រះរាជអំណោយ ដល់គ្រួសារងាយរងគ្រោះចំនួន ២០គ្រួសារ និងយាងចែកនូវសម្ភារៈសិក្សាដល់សិស្សានុ សិស្សចំនួន ៣០០នាក់ មកពីឃុំអភិវឌ្ឍន៍ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០ម្សិលមិញ។

ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល, លោកស្រី ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយាអភិបាលខេត្ត, លោកស្រី ប៊ន សុភី អភិបាលរងខេត្ត, លោក សូរិន្ទី រ៉ាវុឌ្ឍី ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្រី ឡុញ ពិសារ អនុប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តអភិបាលស្តីទី អភិបាលរងស្រុកទឹកផុស សមាគមន៍នារី ស.ស.យ.ក.ស្រុក អាចារ្យ គណៈកម្មការ អាជ្ញាធរឃុំ និងសប្បុរសជន។

ពិធីនេះក្រោមការរៀបចំរបស់ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

អំណោយដែលបានចែកជូនដល់គ្រួសារងាយរងគ្រោះ ក្នុងឱកាសនោះដោយមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១ យួរ, សារុង២ និងថវិកាក្នុងមួយគ្រួសារចំនួន ៥ ម៉ឺនរៀល និងសិស្សានុសិស្សម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៊ិច២ដើម ថ្នាំដុសធ្មេញ១ដប កាតាប១ និងថវិកា ចំនួន១,០០០រៀល ផងដែរ៕