(ភ្នំពេញ)៖ នៅសាលាភូមិន្ទរដ្ឋបាល កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញ វេនរសៀល ឆ្នាំ២០២០ ដឹកនាំដោយ លោក ហៃ ច័ន្ទភារិទ្ធ ប្រធានសម្របសម្រួលថ្នាក់ភ្នំពេញ វេនរសៀល និងលោកគ្រូ ពៅ វិបុល គ្រូសម្របសម្រួលថ្នាក់ រួមជាមួយកម្មសិក្សាការី បន្ទប់ភ្នំពេញវេនរសៀលទាំងអស់ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានចូលរួមតាមការអំពាវនាវ របស់សាលាភូមិន្ទរដ្ឋបាល តាមរយៈការបរិច្ចាកនូវថវិកា និងសំភារៈមួយចំនួន ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋដែលជួបការលំបាក (ជនជាតិភាគតិច) នៅភូមិឧបសម្ព័ន្ធភូមិ១០៥ ស្ថិតក្នុងឃុំថ្មី ស្រុកចិត្តបុរី ខេត្តក្រចេះ។

ពិធីប្រគល់ថវិកា និងសម្ភារទាំងនេះក្រោមអធិបតីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល។

លោក ហៃ ច័ន្ទភារិទ្ធ បានថ្លែងថា ថវិកាដែលមិត្តទាំងអស់បានចូលរួមមានចំនួន ២,៩០០,០០០ រៀល ក្នុងនោះលោកផ្ទាល់បានចូលរួមចំនួន ១,៦៤៥,០០០រៀល។ លោកបានបន្តថា «យើងបានទិញសំភារៈ និងថវិកា ដែលប្រគល់ជូនសាលារួមមាន៖ ថវិកា ២លានរៀល, សារុង១០០, ក្រមា១០០, មុង១០០, ប្រេងក្រឡា១០៨ប្រអប់, សាប៊ូ Viso ៩៦កញ្ចប់, អាវយឺត៤០អាវ, ទឹកដោះគោជូ១កេស, សំលៀកបំពាក់ប្រើប្រាស់រួច៥កេស។

ជំនួសមុខឲ្យប្រជាពលរដ្ឋ ជនជាតិភាគតិចលោក យក់ ប៊ុនណា បានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាវជ្រៅ ចំពោះកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់បន្ទប់ភ្នំពេញ វេនរសៀលទាំងអស់ ដែលបានចូលរួមចំណែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមបញ្ជាក់ថា សម្រាប់ក្រុមកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ដ្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនរសៀល នៃសាលាភូមិន្ទរដ្ឋបាល នាពេលកន្លងទៅតែងតែរៀបចំពិធីចែកទឹកអាល់កុល ម៉ាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនអ្នកជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ក្នុងនោះមានទាំងអ្នកធាក់ស៉ីក្លូ និងជនពិការដែលប្រកបមុខរបរចាប់សរសៃ ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺ COVID-19៕