(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយសនៃគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានបកអាក្រាតអំពីផែនការអាក្រក់របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម និងបក្ខពួក ដែលបានឆ្លៀតយកឱកាសដែលប្រជាជនកម្ពុជា ក៏ដូចជាពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជំរុញឱ្យសមាជិករបស់ខ្លួនងើបបះបោផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

លោក គង់ គាំ បានសរសេរនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «ឆ្លៀតវិបត្តិសេដ្ឋកិច្ច សង្គម (មិនមែនតែកម្ពុជាមួយ ប៉ុន្តែនៅទូទាំងពិភពលោក) អតីតមេដឹកនាំ CNRP/ ប្រធានស្តីទីមិនស្របលក្ខន្តិកៈគណបក្ស/ ទណ្ឌិត សម រង្ស៊ី និងក្រុមអ្នកនយោបាយជាប់ទោស ក្រុមជនទុច្ចរិតគេចពីសំណាញ់ច្បាប់ ជាមួយយន្តការសង្គ្រាមព័ត៌មាន កំពុងលើកទឹកចិត្ត ឱ្យមនុស្សងើប ឱ្យចូលព្រៃ ឱ្យកាន់អាវុធ ឱ្យទប់ និងតទល់ជាមួយរាជរដ្ឋាភិបាល (ដក ហ៊ុន សែន ចេញ) ពិសេសឱ្យដណ្តើម (តំបន់ សម រង្ស៊ី ណាមួយក្នុងកម្ពុជា) សម្រាប់ សម រង្ស៊ី ចូលទៅដឹកនាំ ការតស៊ូគាំទ្រដោយបរទេស ដែលកំពុងប្រឆាំង ហ៊ុន សែន និងចិន(ជាសង្គ្រាមភូមិសាស្ត្រនយោបាយ)»

ទន្ទឹមនឹងការបកអាក្រាតពីគំនិតអាក្រក់របស់ ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបម្រើនយោបាយបរទេសនោះ លោក គង់ គាំ ក៏បានលើកឡើងអំពីគោលជំហររបស់គណបក្សថ្មីរបស់លោក គឺគណបក្សឆន្ទៈខ្មែរ ដែលនៅតែជ្រើសរើសការបោះឆ្នោត ដើម្បីប្រកួតប្រជែង ដណ្តើមអំណាចតាមបែបប្រជាធិបតេយ្យ។

លោកបញ្ជាក់ថា «គណបក្សឆន្ទៈខ្មែរ (បង្កើត និងចូលរួមបោះឆ្នោតនៅឆ្នាំ២០១៨) គឺមិនបម្រើឱកាសឱ្យ (អតីត CNRP និងអន្តរជាតិ) ប្រើលេសការបោះឆ្នោតឯកបក្ស អំណាចឯកបក្ស សម្រាប់ផែនការប្រទូស្តរាយយកកម្ពុជា ជាសមរភូមិ នៃយុទ្ធសាស្ត្រភូមិសាស្ត្រ នយោបាយរបស់ (សហរដ្ឋអាមេរិក/EU) ប្រឆាំងចិននៅកម្ពុជា ដែលជាការវិលត្រលប់វិញនូវសោកនាដកម្ម ឧក្រិដ្ឋកម្ម វិនាសកម្ម អតីតកាលដូចកាលទសវត្សឆ្នាំ៧០ និង៨០ដដែលៗ មានបុព្វកថា នៃរដ្ឋធម្មនុញ្ញចារចែងថា៖ យើងប្រជារាស្ត្រខ្មែរ…ត្រូវចងបាច់ ឆន្ទៈមោះមុតប្តូរផ្តាច់រួមគ្នា…រក្សាការពារ…អធិបតេយ្យថ្លៃថ្លា…កសាងប្រទេសជាតិឱ្យទៅជា ”កោះសន្តិភាព” ឡើងវិញ…ទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាអនាគតជាតិឱ្យបានឈានឡើង រីកចម្រើន លូតលាស់ សម្បូររុងរឿង ជានិច្ចនិរន្ត៍) ជាការរម្លឹកដាស់តឿនស្រាប់»

លោកអះអាងថា គណបក្សឆន្ទៈខ្មែរ គឺជាប៉ូលនយោបាយថ្មី វប្បធម៌នយោបាយថ្មី ដែលមានសញ្ញាព្រះអាទិត្យថ្មី ជាជម្រើសថ្មី ផ្លាស់ប្តូរថ្មីជាវិជ្ជមានប្រាកដជាចូលរួមការបោះឆ្នោត ដើម្បីមានពហុបក្សថ្នាក់ក្រោមជាតិក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងពហុបក្សនៅថ្នាក់ជាតិក្នុងសភាឆ្នាំ២០២៣ ជាក់ជាមិនខាន៕