​(ភ្នំពេញ)៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស សហការ​ណ៍ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅ​បុរស​ម្នាក់​ឈ្មោះ សំ កុម្ភៈ ដែល​បាន​យក​ព័ត៌មាន​ចាស់​មក​ឡាយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ ជាពិសេស​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បុរស​ម្នាក់​ឈ្មោះ សំ កុ​ម្ភៈ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក TCB អ​ល​ចនទ្រ​ព្យ​កម្ពុជា ដែល​បាន​យក​រូបភាព​ករណី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាន​កើតឡើង​តាំងពី​ខែមិថុនា ឆ្នាំ​២០១៩ នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន យកមក​ធ្វើការ​បង្ហោះ​ឡាយ​ជា​វីដេអូ​ (Live Steam) កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣៖៣០​នាទី នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ចង់​ឲ្យ​មាន​ភាព​ទាក់ទាញ​ខ្លាំង​មក​លើ​ផេ​ក​របស់គាត់ ដែល​ធ្វើអោយ​សាធារណៈជន​មានការ​ភ័​ណ្ឌ​ច្រឡំ ជាពិសេស​អាច​បង្ក​ឲ្យ​មាន​ភាពចលាចល​ក្នុងសង្គម​ផងដែរ។

​បុរស​ម្នាក់នេះ​ត្រូវបាន​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​យ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ផែន​ការងារ​សន្តិសុខ កោះហៅ​ឲ្យ​ចូលខ្លួន​មក​ធ្វើការ​បំភ្លឺ លើ​ករណីនេះ បុរស​ម្នាក់នេះ​បាន​សារភាព​កំហុស ធ្វើ​កិច្ចសន្យា និង​ថត​ជា​វីដេអូ​សុំទោស​ជា​សាធារណ​:​ចំពោះ​ទង្វើដែល​ខ្លួន​បានធ្វើ​ដោយ​យក​ព័ត៌មាន​ចាស់​ករណី​អគ្គិភ័យ​តាំងពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ មក​ឡាយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ។​

​សូម​ចូលរួម​សហការ​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត និង​ជួយ​ទប់ស្កាត់​ឲ្យ​បាន​រាល់​ព័ត៌មាន​មិន​ពិត ​ដែលមាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ បង្ក​ភាពវឹកវរ ចលាចល​ក្នុងសង្គម។ ល​។​

ស្ន​ងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ថា «​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ល្អ​របស់​សាធារណជន ជាពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ចូលរួមចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម រិះគន់​ក្នុងន័យ​ស្ថាបនា និង​ទទួលយក​ជា​មូលដ្ឋាន​ធ្វើការ​កែលម្អ ហើយក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​បណ្ដាញ​សង្គម​ចៀសវាង​ការអត្ថាធិប្បាយ ចងក្រង​ខ្លឹមសារ រូបភាព​សកម្មភាព​បំផ្លើសការពិត ជាហេតុ​បង្ក​ឲ​យ​មាន​ភាពវឹកវរ បំពុលបរិយាកាស​សង្គម ចលាចល បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​ផងដែរ»