(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បានបញ្ជូនក្រុមចោរជំនាញកាច់កម៉ូតូយ៉ាងសកម្មចំនួន២នាក់ នៅមូលដ្ឋានខណ្ឌចំនួន៥ ក្នុងរាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ ឈានទៅរកការចោទប្រកាន់តាមផ្លូវច្បាប់ ក្រោយសមត្ថកិច្ចបង្ក្រាបបាន។ នេះបើយោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការបង្ក្រាបចោរកាច់កម៉ូតូនេះ បានធ្វើឡើង នៅចំណុចមុខផ្ទះគ្មានលេខ ស្ថិតភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩-០៨-២០២០ ម៉ោង០៧៖១០នាទី។

ជនរងគ្រោះមានឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកធនាគារអេស៊ីលីដា ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១។

ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួនបានទី១៖ ឈ្មោះ ធី អូន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងទី២៖ ឈ្មោះ សាន សុខនី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ-ស្នាក់នៅ មិនពិតប្រាកដ។

របាយការណ៍របស់សមត្ថកិច្ចដដែល បានបញ្ជាក់ទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ 1G-4354នៅចំណុច កើតហេតុ ដោយពុំបានចាក់សោកម៉ូតូទេ រួចចូលក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ធី អូន និងឈ្មោះ សាន សុនី ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ផ្លាកលេខ ភ្នំពេញ 1ID-2839 មកឈប់ជិត រួចធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះជិះគេចខ្លួន ដោយជនសង្ស័យឈ្មោះ សាន សុនី ជាអ្នកជិះយកទៅលក់ឱ្យឈ្មោះ ថា ប្រើទូរស័ព្ទលេខ៖ ០១០ ៥២៤១៣៦ នៅតាមផ្លូវជាតិលេខ៣ បានលុយ៣០០ដុល្លារ រួចយកឱ្យជនសង្ស័យ ឈ្មោះ ធី អូន ១០០ដុល្លារ។

លុះដល់ម៉ោង១២៖០០នាទី ថ្ងៃដដែល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ធី អូន នៅបន្ទប់ជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងធ្វើការឆែកឆេរ ដកហូតបាន៖ ម៉ូតូ០២គ្រឿង (០១គ្រឿងម៉ាកស្កូបពី ជិះធ្វើសកម្មភាព) និង០១គ្រឿងទៀតម៉ាក សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1IG-7678, ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញឿន) ០២កញ្ចប់ថង់ធំល្មម, ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាមសុង លុយ១០០ដុល្លារ, បណ្ណសម្គាល់ទោចក្រយាន យន្ត០១សន្លឹក, ទួឡឺវ៉ីស០៤, កូនសោលេខ ១៤ចំនួន០៤, ដែកឆាបចុងស្រួច០១, កូនសោម៉ូតូ០១ និងឧបករណ៍ជក់គ្រឿងញៀន ០១កំប្លេ។

បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការណ៍ជាមួយនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សាន សុនី នៅផ្ទះសំណាក់ឡាលីន (បន្ទប់លេខ១០១) ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូតទូរស័ព្ទដៃ០១គ្រឿង ម៉ាកសូនី ពណ៌ខ្មៅ, លុយ២០០ដុល្លារ និងកូនសោខ្សៀលេខ៨ ចំនួន០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្ត ហើយជនសង្ស័យទាំង០២នាក់ ប្រើប្រាស់គ្រឿងញៀនទៀតផង៕